សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ «ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៤)

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ ធ្នូ ១៩៧៨-០២ ធ្នូ ២០២៤) ដែលបានរៀបចំឡើងនាសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដែលមានសមាសភាពអញ្ជើញចូលរួមចំនួន ៧០០អង្គ/នាក់  ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ។ 

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងថា «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។ ថ្ងៃ២ ខែធ្នូ ឆ្នាំ១៩៧៨ ជាថ្ងៃដែល «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ត្រូវបានចាប់បដិសន្ធិឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការឧបត្ថម្ភគាំទ្រស្មារតី និងសម្ភារៈទៅវិញទៅមក រវាងបណ្តាប្រទេសជាមិត្ត និងត្រូវបានបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធទ្វេរឡើងថែមទៀត ហើយបច្ចុប្បន្នបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»។ សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រយៈពេល ៤៦ឆ្នាំកន្លងមកនេះ ប្រជាជនបានស្ថិតស្ថេររួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់អាចក្លាហានបំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ និងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។ ស្មារតី២ធ្នូ ស្មារតី៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនយើង បានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។ ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ខ្លួន យើងទាំងអស់គ្នា យើងជឿជាក់ថានឹងគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្ម ដូចក្នុងអតីតកាលឡើយ។ នៅក្នុងពិធី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ បញ្ជាក់ថា អង្គមិទ្ទិញនាពេលនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្តើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឱ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំជំនាន់មុន ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ដំណាក់កាល ធ្វើឱ្យមាតុភូមិកម្ពុជាប្រែមុខមាត់ថ្មី ជាបន្តបន្ទាប់។ ពិធីដ៏នក្ខត្តឬក្សប្រកបដោយមហាសាមគ្គីដ៏ទូលំ ទូលាយ និងស្និទ្ធស្នាល ដែលយើងទាំងអស់គ្នា កំពុងប្រារព្ធធ្វើនាពេលនេះ គឺប្រព្រឹត្តទៅស្របពេលដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសង្គមមួយពោរពេញទៅដោយ សុខសន្តិភាព វិបុលភាព សុភមង្គល មានសិទ្ធិសេរីភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី។ នៅក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ សូមលើកកម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ខ្ជាប់ប្រពៃណីស្នេហាជាតិ ផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំបញ្ចេញអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាជន និងប្រទេសជាតិ ។

នៅក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី  និង សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងអង្គទូត តំណាងសេនានុព័ន្ធយោធា តំណាងសមាគមនានា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ នៃអង្គមិទ្ទិញ បានអញ្ជើញជូនកន្ត្រក់ផ្កា ដល់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ផងដែរ៕