សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី នៅប្រទេសចិន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមវេទិកាអង្គការសហប្រតិបត្តិការសៀងហៃ ស្តីពីស្ត្រី នៅខេត្តសានទុង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ។ វេទិកានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់សមភាពរវាងបុរស និងស្ត្រី និងការកសាងនូវសហគមន៍អនាគតរួមគ្នា នៃអង្គការសហប្រតិបត្តិការសៀងហៃ។ បញ្ហាដែលនឹងត្រូវពិភាក្សាក្នុងវេទិកាលើកនេះ គឺការផ្តល់សិទ្ធិអំណាចផ្នែកឌីជីថល និង សេដ្ឋកិច្ចដល់ស្ត្រី, ការចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ និងយុទ្ធសាស្ត្រ ក្នុងការផ្តល់សិទ្ធិអំណាចដល់ ស្ត្រីតាមរយៈឌីជីថលភាវូបនីយកម្ម។តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងធ្វើដំណើរទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសកម្មភាពស្ត្រី និងកុមារ ខេត្តសានទុង។ ចំណែកឯពេលរសៀល មានជំនួបទ្វេភាគីរវាង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាមួយនឹង លោកជំទាវ ឈិន យីគីនី (HE Mme Shen Yiqini) ប្រធានសហព័ន្ធនារីចិន និងជាទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន។ ដោយឡែក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត និងចូលរួមក្នុងវេទិការស្ត្រី របស់វេទិការសហប្រតិបត្តិការសៀងហៃ និងថ្លែងសុន្ទរកថាគន្លឹះ។បន្ទាប់មកនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងធ្វើដំណើរទស្សនកិច្ចក្នុងតំបន់ ។គួររំលឹកផងដែរថា អង្គការសហប្រតិបត្តិការសៀងហៃ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងការជឿ ទុកចិត្តគ្នាទៅវិញទៅមក មិត្តភាព និងភាពជាអ្នកជិតខាងល្អរវាងរដ្ឋជាសមាជិក, ជំរុញកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋជាសមាជិក ក្នុងវិស័យនយោបាយពាណិជ្ជកម្ម, សេដ្ឋកិច្ច, វិទ្យាសាស្ត្រនិងបច្ចេក វិទ្យា, វប្បធម៌, ការអប់រំ, ថាមពល, ការដឹកជញ្ជូន, ទេសចរណ៍, ការការពារបរិស្ថាន និងរួមគ្នាធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពក្នុងតំបន់ និងពិភពលោក ប្រកបដោយប្រជាធិបតេយ្យ យុត្តិធម៌ និងសមហេតុផល៕