សម្តេចតេជោបញ្ចេញយោលបល់ថា៖ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផង ?ចរចាផង?

កាលពីយប់មិញនេះសម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណេរលើបណ្តាញសង្គមផ្លូវការរបស់សម្តេចថា៖ ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយ សង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំគាំទ្រឲ្យមានកិច្ចចរចាសន្តិភាព។ ប៉ុន្តែថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីនោះទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការណ៍លើ សមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀបដែរ។ តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផង ?ចរចាផង?

សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សិបឆ្នាំទៀត ដែលជាការអូសបន្លាយចំនួនមនុស្សស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេ កុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការណ៍វានៅតែប៉ុណ្ណឹងដែរ។ ជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការណ៍កាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នយោបាយទណ្ឌកម្មនេះប្រៀបដូចជា (ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង)។ បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។ មិត្តភក្តិបរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើក ទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់។ បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាពនិងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។ ខ្ញុំគិតថាករណីអ៊ុយក្រែន ក៏ដូចគ្នាគឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ៕

សូមបញ្ជាក់ថាសម្តេចតេជោជាអ្នកនយោបាយចាស់ទុំនិងល្បីល្បាញបំផុតទាំងក្នុងតំបន់និងអន្តរជាតិ និង ត្រូវបានគេទទួលស្គាល់ថាជាបិតាស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជាដ៏តូចមួយនេះ ប៉ុន្តែជាប្រទេសដែលមានបេះដូងធំទូលាយ មានភាពម៉ឺងម៉ាត់ ប្រជាជនរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត បន្តដឹកនាំសន្តិភាពនិងពន្លឿនសេដ្ចកិច្ចយ៉ាងក្លៀវក្លារបស់មេដឹកនាំបន្តវេន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលមាភាពវ័យឆ្លាត អង់អាចស្វាហាប់ ដូចសម្តេចធិបតីធ្លាប់លើកឡើងថានយោបាយការបរទេសកម្ពុជាគឺ រក្សាចាស់ បង្កើតថ្មី នោះតែម្តង៕