សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃស្អែកបែកគ្នា!ខ្ញុំមកប្រចាំការនៅជាមួយបងប្រុសខ្ញុំតាំងពីមុនគាត់ចែកឋានរហូតមកដល់ពេលនេះនិងបន្តរហូតយកទៅបញ្ចុះ នៅព្រឹកស្អែក ២ មេសា ២០២៥ ព្រមទាំងបញ្ចប់ត្រឹមធ្វើបុណ្យ ៧ ថ្ងៃ និង ១០០ ថ្ងៃ នៅល្ងាចស្អែកនិងបញ្ចប់នៅព្រឹកខានស្អែក ៣ មេសា ២០២៥។
ខ្ញុំយំនិងស្រកទឹកភ្នែករាល់ថ្ងៃរាល់យប់ នឹកអាណិតបងប្រុស។ ថ្ងៃសំអាតខ្លួនបងប្រុសមុនពេលបញ្ចូលមឈូស ខ្ញុំយំដោយនិយាយខ្លាំងៗថា (ឲ្យខ្ញុំសូមទោសមកពីខ្ញុំប្រហែសពេកមិនបានមើលថែទាំបងឲ្យបានដិតដល់។ ខ្ញុំបានជួយជិវិតមនុស្សមួយនគរ តែមិនអាចជួយបងខ្លួនបាន)។
រឿងដែលធ្វើឲ្យខ្ញុំកាន់សង្វេគ គឺក្មួយស្រីខ្ញុំម្នាក់កំពុងជួលផ្ទះគេនៅ កូនៗមិនបានចូលរៀនពេញលេញ។ ក្មួយខ្ញុំគោរពតាមការណែនាំរបស់ឪពុក ដែលបានប្រាប់កូនៗថា កុំទៅ (រំខានពូរបស់ពួកឯង)។ ខ្ញុំបានជួយមនុស្សមួយចំនួនឲ្យមានផ្ទះនៅ ហេតុអ្វីបានក្មួយខ្ញុំអត់ផ្ទះនៅ? នេះមកពីខ្ញុំមិនដឹង។
បងប្រុសថ្ងៃស្អែករូបកាយរបស់បងនឹងបញ្ចុះទៅក្នុងព្រះធរណីជាមួយបងស្រី ដែលពួកបងបែកគ្នា ១២ ឆ្នាំហើយនិងបានជួបគ្នាវិញ ដែលជាទីកន្លែងបងទាំងពីរសម្រាកចុងក្រោយ។ យើងលែងបានជួបគ្នាជារៀងរហូត តែខ្ញុំនៅជំពាក់បំណុលបងច្រើនណាស់ ដែលខ្ញុំត្រូវខិតខំសងតាមរយៈជួយមើលការខុសត្រូវចំពោះកូនៗនិងចៅៗរបស់បង៕