សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ និងលើកទឹកចិត្តឲ្យនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តយូណាន ប្រទេសចិន ប្រែក្លាយខ្លួនឲ្យក្លាយជាកំណប់សំរាប់ជាតិ និងខ្លួនឯង

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំ និងលើកទឹកចិត្តឲ្យនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តយូណាន ប្រទេសចិន ប្រែក្លាយខ្លួនឲ្យក្លាយជាកំណប់សំរាប់ជាតិ និងខ្លួនឯង។ ការណែនាំ និងលើកទឹកចិត្តនេះក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឲ្យសមាគមនិស្សិតខ្មែរដែលកំពុងសិក្សានៅខេត្តយូណានចូលជួបសំណេះសំណាល ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ានម៉ា-វៀតណាម (CLMV) លើកទី១១ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរដល់និស្សិតខ្មែរខិតខំរៀនសូត្រ ឃ្លាតពីស្រុកកំណើតដើម្បីបន្តការសិក្សាលើជំនាញផ្សេងៗជាច្រើន ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន ដែលការរៀនសូត្រនេះពិតជាមានប្រយោជន៍យ៉ាងខ្លាំងសំរាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងផ្តល់ជាទស្សនៈទានថា សូមប្អូនៗខិតខំឲ្យការសិក្សារៀនសូត្រនេះក្លាយជាកំណប់សំរាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើគោលនយោបាយនានា ការចូលរួមលើឆាកអន្តរជាតិ បង្កើតមិត្តលើឆាកអន្តរជាតិកាន់តែច្រើន ដើម្បីធ្វើសមាហរណកម្មកម្ពុជាលើឆាកអន្តរជាតិ ដើម្បីប្រយោជន៍ជាតិ និងប្រជាជន ជាពិសេសបង្កើនទីផ្សារនាំចេញទំនិញពីកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងៗ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិនបើកម្ពុជាមិនធ្វើសមាហរណកម្មកម្ពុជាចូលជាមួយអន្តរជាតិ កម្ពុជានឹងឯកោ ជាក់ស្តែងនៅេពេលនេះកម្ពុជាមិនឯកោទេ មានទំនាក់ទំនងជាច្រើនជាមួយប្រទេសជាមិត្ត។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ក្នុងនាមជានិស្សិតត្រូវរួមគ្នាកសាងជាតិ រួមគ្នារក្សាសន្តិភាព រួមគ្នាចូលរួមផ្សព្វផ្សាយពីជាតិយើង។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងចំណុច ៣ដល់និស្សិតដែលកំពុងសិក្សានៅខេត្តយូណាន ប្រទេសចិន គឺទី១ រៀនសូត្រ ត្រូវខិតខំ ទទួលសញ្ញាបត្រហើយត្រូវតែធ្វើការងារឲ្យមានលទ្ធផល។ រៀនទាំងក្នុងសាលា ទាំងក្រៅសាលា រៀនសូត្រពីមជ្ឈដ្ឋានខាងក្រៅ។ ទី២ កសាងបណ្តាញ កសាងទំនាក់ទំនង បង្កើតមិត្តច្រើន ។ ទី៣ តំណាងសំរាប់កម្ពុជាដ៏ល្អ ចូលរួមផ្សព្វផ្សាយកម្ពុជា ។ 

លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅក្នុងខេត្តយូណាន មានប្អូនៗជានិស្សិត សរុបចំនួន១២៩ នាក់ (ស្ត្រី៥៥នាក់) ក្នុងនោះ ៤៨នាក់ កំពុងសិក្សាក្រោមអាហារូបករណ៍សាកលវិទ្យាល័យតាលី ។ លោកជំទាវឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានឲ្យដឹងថា និស្សិតទាំង១២៩នាក់នេះ កំពុងសិក្សាថ្នាក់បរិញ្ញបត្រ, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខវិជ្ជាមួយចំនួនរួមមាន ៖ អក្សរសាស្រ្តចិន, វិទ្យាសាស្ត្រកំព្យូទ័រ, សំណង់, សេដ្ឋកិច្ច, ហរិញ្ញវត្ថុ, គ្រប់គ្រង, ទេសចរណ៍, វេជ្ជសាស្ត្រ ។ល។ សម្រាប់ឆ្នាំសិក្សា២០២៣ និងឆ្នាំ២០២៤ ស្ថានអគ្គកុងស៊ុល កម្ពុជា ក៏បានស្វែងរកអាហារូបករណ៍ចំនួន ១៥ កន្លែងទៀតផ្តល់ជូននិស្សិតផងដែរ៕