សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសីលធម៌ និងគោរពសិទ្ធិអ្នកដទៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី ៤ មិនានេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជន ធ្វើសកម្មភាព និងប្រើប្រាស់ពាក្យសម្ដីដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម។
សម្តេចធិបតីប៊បានសង្កេតឃើញសកម្មភាព និងការបញ្ចេញមតិមួយចំនួន ដែលអាចប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត យល់ថា បុគ្គលដែលធ្វើសកម្មភាព ឬនិយាយបែបនេះ ប្រហែលជាមិនមានចេតនាអាក្រក់ទេ គ្រាន់តែចង់បានការចាប់អារម្មណ៍ ឬចាត់ទុកថាជារឿងលេងសើចធម្មតា។ ប៉ុន្តែអ្វីដែលត្រូវយល់អំពីគំនិត និងអារម្មណ៍របស់អ្នកទទួលរងផងដែរ។

សម្តេចធិបតី បានលើកឡើងថា ទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ក៏ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌ដែលគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា។

សម្តេចធិបតី បានថ្លែងបន្ថែមថា សូមធ្វើចំពោះអ្នកដទៃ ដូចអ្វីដែលយើងចង់ឱ្យអ្នកដទៃធ្វើចំពោះយើង និងកុំធ្វើអ្វីចំពោះអ្នកដទៃ ដូចអ្វីដែលយើងមិនចង់ឱ្យអ្នកដទៃធ្វើមកលើយើង។