សម្តេចប្រធានរដ្ឋសភា ឃួន សុដារី ស្នើសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង ជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា

ឆ្លៀតពេលក្នុងការផ្លាស់ប្តូរជើងយន្តហោះ ធ្វើដំណើរទៅកាន់ទីក្រុងប៉េកំាង ក្នុងការបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសអន្តរជាតិទីក្រុងខ្វាងចូវ ខេត្តក្វាងតុង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Jiaquan អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង ដែលបានអញ្ជើញមកទទួលស្វាគមន៍គណៈប្រតិភូ នៅរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤។នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ស្ថាប័នសភាខេត្តនេះ ជំរុញការធ្វើពាណិជ្ជកម្មនិងកៀរគរអ្នកវិនិយោគ ទៅបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែជិតស្និទ្ធឡើង។សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍របស់មិត្តចិន ជាពិសេសអាជ្ញាធរខេត្តខ្វាងតុង ទោះបីគណៈប្រតិភូគ្រាន់តែឆ្លងកាត់ខេត្តក្នុងរយៈពេលខ្លីយ៉ាងណាក្តី  ក៏សភាខេត្តមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់ជាទីបំផុត ដែលនេះបង្ហាញពីចំណងមិត្តភាពជាប្រពៃណី មិត្តភាពដែកថែប ដ៏រឹងមាំនៃប្រទេសទាំងពីរ។ សម្តេចរដ្ឋសភាធិបតី បានសម្តែងការស្ញប់ស្ញែងចំពោះការរីកចម្រើនយ៉ាងខ្លំាងក្លារបស់ខេត្ត ខ្វាងតុង។ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះ ចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ។ សម្តេចប្រធានរដ្ឋសភានិងតំណាងសភាប្រជាជនខេត្តខ្វាងតុង បានលើកឡើងថា មិត្តភាពកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដែលបានឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា និងយោគយល់គ្នា ដើម្បីផលប្រយោជន៍រួម។ឯកឧត្តម Chen Jiaquan បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា។ ដើម្បីភ្ជាប់ទំនងទំនាក់រវាងរដ្ឋសភាកម្ពុជានិងសភាតំណាងប្រជាជនចិនខេត្តខ្វាងតុងឱ្យកាន់តែជិតស្និទ្ធនឹងរឹងមាំបន្ថែមទៀត ឯកឧត្តមបានស្នើសូមគណៈប្រតិភូសភាខេត្តខ្វាងតុង មកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ឯកឧត្តម បានមានប្រសាសន៍ គូសបញ្ជាក់ពីសក្តានុពលខ្ពស់ក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជា និងបានជម្រាបសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូថា ខេត្តខ្វាងតុងជាខេត្តនាំមុខគេរបស់ចិន លើការធ្វើពាណិជ្ជកម្ម។ រដ្ឋាភិបាលបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំជាងគេរបស់ចិន នៅខេត្តខ្វាងតុងឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេសតំបន់ ហុងកុង ម៉ាកែវ ខ្វាងតុង។សម្តេចរដ្ឋសភាធិបតី ឃួនសុដារី បានស្វាគមន៍ដោយក្តីរីករាយ ចំពោះការភ្ជាប់ទំនាក់ទំទងសភាកម្ពុជានិងសភាប្រជាជនខេត្តខ្វាងតុង។ រដ្ឋសភាកម្ពុជាត្រៀមស្វាគមន៍ដោយក្តីរីករាយ ចំពោះវត្តមានសភាប្រជាជនខេត្តខ្វាងតុង នៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧រដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្រ្តី កម្ពុជាស្វាគមន៍ និងយកចិត្តទុកដាក់ ធានាការពារផលប្រយោជន៍អ្នកវិនិយោគទុនក្នុងស្រុកនិងបរទេស។ កម្ពុជាមានសុខសន្តិភាព ស្ថិរភាព យ៉ាងរឹងមាំ និងមានច្បាប់វិនិយោគ បទដ្ឋានគតិយុត្តជាច្រើន  ក្នុងការធានា ការពារ និងលើកទឹកចិត្តដល់អ្នកវិនិយោគ៕