សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កាវ អ៉ីនឡុង (GAO Yunlong) អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម កាវ អ៉ីនឡុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ខណៈពេលដែល សម្តេច ទើបតែអញ្ជើញត្រលប់មកពីដំណើរទស្សនកិច្ចនៅក្រៅប្រទេស ព្រមទាំងបានជម្រាបជូន សម្តេចធិបតី អំពីទំនាក់ទងកិច្ចសហប្រតិបត្តិការរឹងមាំកម្ពុជា-ចិន ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ និងបន្តពូនជ្រំឱ្យកាន់តែរឹងមាំស័ក្តិសមជាមិត្តដែកថែប រួមជាមួយនេះក៏បានធ្វេីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស លើគម្រោងមួយចំនួនដែលសមាជិកនៃគណៈប្រតិភូមានបំណងវិនិយោគនៅកម្ពុជាលើវិស័យឧស្សាហកម្ម អប់រំ កសិកម្ម ជាដើម ឱ្យលេចចេញជាសកម្មភាពជាក់ស្តែងទ្បើង ដូចនឹងការព្រមព្រៀងគ្នារវាង សម្តេចធិបតី និង ឯកឧត្តម ស៊ី ជីនពីង ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ អបរំ និងកីទ្បា ជាដើម ។ ឯកឧត្តម ក៏បានធ្វើការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ និងសុទិដ្ឋិនិយមផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ប្រទេសកម្ពុជានឹងកាន់តែរីកចចម្រើនរុងរឿង ហើយចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពរឹងមាំថែមទៀត ។
ជាការឆ្លើយតប សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បន្តពូនជ្រំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយពង្រឹង និងពង្រីកយន្តការទំនាក់ទំនងលើគ្រប់វិស័យ និងគ្រប់កម្រិត។ សម្តេចធិបតី បានរំឭកថា ឆ្នាំ ២០២៣ នេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំជាលំដាប់ សំដៅឆ្ពោះទៅសម្រេចបានសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី ។ ទន្ទឹមនេះ សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណចំពោះរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្រដល់សកម្មភាពអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងរំឭកអំពីការឯកភាពគ្នារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ដោយលើកទឹកចិត្តឱ្យមានអ្នកទេសចរចិន មកទស្សនាប្រទេសកម្ពុជាឱ្យកាន់តែមានចំនួនច្រើនបន្ថែមទៀត ។ សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះគម្រោងនៃការវិនិយោគរបស់ក្រុមហ៊ុនចិន ដោយបានធ្វើការគូសបញ្ជាក់ថា គោលដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនឱ្យកាន់តែខ្ពស់ទ្បើង ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនចិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ៕