សម្តេចមហាមន្ត្រី គុយ សុផល ទទួលថវិកាឧបត្ថម្ភចំនួន១មុឺនដុល្លា ពីសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ សម្រាប់ការរៀបចំព្រះរាជពិធីបុណ្យអុំទូក
បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការី អញ្ជើញនាំយកថវិកាចំនួន ១មុឺនដុល្លារសហរដ្ឋអាមេរិក ប្រគល់ជូនដល់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។
ក្នុងពិធីប្រគល់ និងទទួល នៅសាលប្រជុំអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ដោយមានការអញ្ជើញទទួលពីសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
នៅក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ និងជូននូវក្តីនឹករលឹក ព្រមទាំងចូលរួមអបអរសាទរ ចំពោះបេសកកម្មរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ដែលតែងតែបានរៀបចំនូវពិធីបុណ្យជាតិធំៗ ទទួលបានជោគជ័យយ៉ាងអធិកអធមនាពេលកន្លងមក។
ក្នុងឱកាសនោះ សម្ដេចមហាមន្ត្រី គុយ សុផល បានសម្តែងនូវភាពកក់ក្តៅជាទីបំផុត និងសូមថ្លែងអំណរគុណជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីឧត្តមប្រយោជន៍ជាតិ និងទទួលបាននូវជំនឿទុកចិត្តយ៉ាងមុតមាំនូវការគាំទ្រពីមជ្ឈដ្ឋានជាតិ-អន្តរជាតិ ពិសេសចំពោះការឧបត្ថម្ភថវិកាចំនួន១មុឺនដុល្លារក្នុងឱកាសនេះ ជូនដល់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិនាឱកាសនេះ។
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានសម្តែងនូវសេចក្តីជឿជាក់យ៉ាងមុតមាំថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ នឹងប្រព្រឹត្តទៅប្រកបដោយភាពអធឹកអធមក្រៃលែង ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕