សម្តេចមហាមន្ត្រី គុយ សុផល៖ អង្គព្រះករុណាព្រះមហាក្សត្រ នឹងស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅមុខប្រាសាទអង្គរវត្តនៅពាក់កណ្តាល ខែមេសាខាងមុខនេះ

សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំព្រះបរមរាជវាំង រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ, លោកអ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងឯកឧត្តម លោកជំទាវ ដែលអញ្ជើញចូលរួមពីក្រសួង និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។
សម្ដេចមហាមន្ត្រី ប្រធានអង្គប្រជុំ មានប្រសាសន៍សំណេះសំណាលបើកកិច្ចប្រជុំ ដោយបានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រប់រូប ដែលបានអញ្ជើញមកពីគ្រប់ក្រសួងស្ថាបន័ពាក់ព័ន្ធ ចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ដើម្បីទទួលយកនូវផែនការណែនាំដ៏ខ្ពង់ខ្ពស់ ក្នុងការប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងឱកាសនៃកិច្ចប្រជុំដំបូងនេះ សម្ដេចមហាមន្ត្រី គុយ សុផល បានលើកឡើងអំពីកិច្ចការងារមួយចំនួនជូនអង្គប្រជុំ ដើម្បីពិភាក្សា និងផ្លាស់ប្តួរយោបល់ក្នុងការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅខេត្តសៀមរាបរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមេសា ខាងមុខនេះ។ អង្គប្រជុំ បានពិភាក្សាអំពីការស្វែងរកទីតាំងដែលជាទីសក្ការៈបូជានៅតំបន់ប្រាសាទអង្គរវត្ត ការប្រើប្រាស់ពាក្យពេចន៍មួយចំនួន ដើម្បីឲ្យសមស្របទៅនឹងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ។
ក្នុងឱកាសនេះ សម្តេចមហាមន្ត្រី គុយ សុផល បានផ្ដល់ជូននូវអនុសាសន៍ដ៏វិសេសវិសាលមួយចំនួន ជូនអង្គប្រជុំ និងបានស្នើឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ និងសហការឲ្យបានជិតស្និត គប្បីត្រៀមលក្ខណៈ ក្នុងការបំពេញភារកិច្ច ទៅតាមមុខជំនាញឯកទេសរបស់ខ្លួន ឲ្យសម្រេចទទួលបានលទ្ធផលល្អប្រសើរលើការងារសន្តិសុខសណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ទីតាំង ពេលវេលា និងសកម្មភាពពាក់ព័ន្ធសំខាន់ៗក្នុងអំឡុងពេលនៃព្រះរាជពិធីជាច្រើនទៀត។
អង្គប្រជុំបានធ្វើការពិគ្រោះពិភាក្សាយ៉ាងសកម្មផុលផុស គោរពទៅតាមគោលការណ៍ណែនាំរបស់សម្ដេចមហាមន្ត្រីប្រធានអង្គប្រជុំ ដោយបានសង្កត់ធ្ងន់លើការងាររៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនេះ អោយមានភាពល្អប្រសើរ សំដៅធ្វើអោយព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមបំផុត ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សូមជម្រាបថា ការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ គឺជាគំនិតផ្តួចផ្តើម និងជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីនាំមកនូវសេចក្តីសុខចម្រើន និងបញ្ចៀសនូវអពមង្គលផ្សេងៗ ព្រមទាំងថ្វាយព្រះសព្ទសាធុការពរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មុននឹងឈានចូលដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ និងសូមជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រជានុរាស្ត្រយើងគ្រប់ស្រទាប់ សូមបានជួបប្រទះតែសេចក្តីសុខសន្តិភាព និងបានចម្រើន នៅក្នុងជីវភាពសង្គម និងគ្រួសារកុំបីឃ្លៀងឃ្លាតឡើយ៕