សម្តេចមហាមន្ត្រី គុយ សុផល យកចិត្តទុកដាក់ខ្ពស់បំផុតចំពោះព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះមហាក្សត្រ

សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលទីតាំងនៅខាងមុខប្រាសាទអង្គរវត្ត និងទីតាំងរៀបចំព្រះបរមឆាយាលក្ខ័ណ៍ព្រះករុណាព្រះមហាក្សត្រនៅតាមដងវិថីសំខាន់ៗក្នុងខេត្តសៀមរាប ក្នុងការត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្វឡើងជាផ្លូវការនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។
អញ្ជើញចូលរួមនៅក្នុងពិធីដ៏មានសារៈសំខាន់នាឱកាសនោះដែរ មានឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ លោកអ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួង ព្រះបរមរាជវាំង ព្រមទាំងអាជ្ញាធរ ដែនដី មន្រ្តីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំង ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការក្នុងស្ថាប័នមន្ទីរ ពាក់ព័ន្ធជាច្រើនរូប។
សម្តេចមហាមន្ត្រី គុយ សុផល បានយកចិត្តទុកដាក់បំផុតទៅលើកិច្ចការងារដ៏សំខាន់នេះ ព្រមទាំងបានមានប្រសាសន៍ជម្រាបជូនជាយោបល់ណែនាំដល់គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ គប្បីបន្តការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងស្មារតី សាមគ្គីភាព ឯកភាពគ្នា និងការទទួលខុសត្រូវខ្ពស់ ចំពោះការអនុវត្តន៍ នូវរាល់ភារកិច្ចជំនាញគ្រប់ផ្នែកទាំងអស់ ដូចជាការងារសន្តិសុខសណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ការរៀបចំទីតាំង ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត ពិសេសការរៀបចំកិច្ចការពិធីសាសនានានា ឲ្យសំរេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរបំផុត ក្នុងការត្រៀមលក្ខណៈរៀបចំព្រះរាជ ពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឲ្យបានប្រព្រឹត្តទៅដោយប្រកបដោយភាពឧត្តុងឧត្តមថ្លៃថ្លាបំផុត។
សូមជម្រាបថា ការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះគឺជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងជាអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនេះ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ដើម្បីនាំមកនូវសេចក្តីសុខចម្រើន និងបញ្ចៀសនូវអពមង្គលផ្សេងៗ ព្រមទាំងថ្វាយព្រះសព្ទសាធុការពរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងសូមជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រជានុរាស្ត្រយើងគ្រប់ស្រទាប់ សូមបានជួបប្រទះតែសេចក្តីសុខសន្តិភាព និងបានចម្រើននៅក្នុងជីវភាពសង្គមនិងគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ៕