សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញពិនិត្យវឌ្ឍនភាពការងារបន្ថែមទៀតនៅទីតាំងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅខាងមុខប្រាសាទអង្គរវត្តខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ និងជាប្រធានគណៈកម្មការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តពិនិត្យវឌ្ឍនភាពការងារបន្ថែមទៀតទៅលើទីតាំងត្រៀមប្រារព្ធព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប មុននឹងឈានដល់ពិធីក្រុងពាលីស្អែកនេះ។
អញ្ជើញចូលរួមពិនិត្យវឌ្ឍនភាពការងារនាឱកាសនោះដែរ មានលោកអ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងអាជ្ញាធរដែនដី មន្រ្តីសំខាន់ៗរបស់ក្រសួងព្រះបរមរាជវាំង ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្រ្តីរាជការក្នុងស្ថាប័នមន្ទីរពាក់ព័ន្ធជាច្រើនរូប។
សម្តេចមហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ បានអញ្ជើញពិនិត្យយ៉ាងម៉ត់ចត់នៅទីតាំងក្តារបែនខាងមុខប្រាសាទអង្គរវត្ត ដែលជាទីតាំងសម្រាប់រៀបចំពិធីក្រុងពាលី និងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិនិត្យសម្រេចនូវរាល់កិច្ចការងារសំខាន់ៗទាំងឡាយ ដែលក្រសួង ស្ថាប័នពាក់ព័ន្ធតាមផ្នែកនីមួយៗ បានអនុវត្តនាពេលកន្លងមក។
ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលមានការយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាមន្ត្រី គុយ សុផល បានយកចិត្តទុកដាក់បំផុត ក្នុងស្មារតី សាមគ្គីភាព ឯកភាពគ្នា និងការទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យសំរេចទទួលបានលទ្ធផលយ៉ាងល្អប្រសើរបំផុត។
ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមេសា ខាងមុខនេះ នឹងនាំមកនូវសេចក្តីសុខចម្រើន និងបញ្ចៀសនូវអពមង្គលផ្សេងៗ ព្រមទាំងថ្វាយព្រះសព្ទសាធុការពរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមជួយទ្រទ្រង់រក្សាព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រជានុរាស្ត្រយើងគ្រប់ស្រទាប់ សូមបានជួបប្រទះតែសេចក្តីសុខសន្តិភាព និងបានចម្រើននៅក្នុងជីវភាពសង្គម និងគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ៕