សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចូលជួបសវនាការជាមួយប្រធានរដ្ឋសភាឡាវដែលជាម្ចាស់ផ្ទះអាយប៉ាលើកទី៤៥ ——————
នៅមុនពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៥ជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគណៈប្រតិភូសភាសមាជិកអាយប៉ា គណៈប្រតិភូសភាសង្កេតការណ៍ ដៃគូរបស់អាយប៉ា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សាយសំភូន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានអាយប៉ាលើកទី៤៥។
ឯកឧត្តមប្រធានរដ្ឋសភាឡាវបានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូចូលរួមទាំងអស់ដែលបានអញ្ជើញចូលរួម ដែលនេះឆ្លុះបញ្ចាំងពីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនៃគ្រួសារអាយប៉ា និងអាស៊ាន ក្នុងការចូលរួមចំណែកកសាងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជូនប្រជាពលរដ្ឋ។
សម្តេចរដ្ឋសភាធិបតី បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការទទួលបដិសណ្ឋារកិច្ច និការរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៥ ប្រកបដោយអត្ថន័យ និងបានជូនពរដល់រដ្ឋសភាឡាវទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលផ្លែផ្កាតាមការរំពឹងទុក។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលរដ្ឋសភាប្រទេសឡាវ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុតចំពោះគណៈប្រតិភូសភាកម្ពុជា ចាប់តាំងពីពេលបានមកដល់រដ្ឋធានីវៀងច័ន្ទន៍ដ៏ស្រស់ស្អាត ពោរពេញដោយសម្បត្តិវប្បធម៌ និងប្រវត្តិសាស្រ្តគួរជាទីជាប់ចិត្ត ៕