សម្តេចរដ្ឋសភាធិបតី ឃួន សុដារី រៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ ប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍ ឯកឧត្ដម ត្រិន ថាញ់មិន (Tran Thanh Man)  ប្រធានរដ្ឋសភនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថាដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម ត្រិន ថាញ់មិន នឹងបន្តពូនជ្រំឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អកម្ពុជានិងវៀតណាមដែលមានតំាងពីរយូរលុងមកហើយ ជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងនោះ។ សម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទំាងពីរគឺយកពលរដ្ឋជាស្នូល ហើយទំនាក់ទំនងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានគ្រឹះនៃមិត្តភាពដ៏យូរអង្វែងនៃប្រទេសទំាងពីរ។

ទោះបីជាមានបម្រែបម្រួលនៅក្នុងថ្នាក់ជាតិ តំបន់ និងពិភពលោកក៏ដោយ ក៏មិត្តភាពប្រពៃណីកម្ពុជានិងវៀតណាមនៅតែរឹងមាំ និងរីកចម្រើនជាដរាប។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា “ពិធីលៀងសាយភោជន៍ជាលក្ខណៈគ្រួសារនាពេលនេះ តំណាងស្មារតីមិត្តភាព និងភាពជាអ្នកជិតខាងល្អ។ ខ្ញុំសូមជូនពរដល់ឯកឧត្តម ព្រមទាំងសហការី និងភ្ញៀវកិត្តិយសទាំងអស់ទទួលបានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យក្នុងបេសកកម្មរបស់ខ្លួននាពេលខាងមុខ។ សូមឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងវៀតណាមបន្ដរីកចម្រើនកាន់តែខ្លាំងក្លាឡើង”។

ឯកឧត្ដម ត្រិន ថាញ់មិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពរយៈពេល៤ថ្ងៃ នៅកម្ពុជាពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដើម្បីរឹតចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភានាពេលនេះ ក៏ដើម្បីចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មី របស់រដ្ឋសភា ដែលជាអំណោយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលរួមមហាសន្និបាតនៃសន្និសីទអន្តរជាតិរបស់បណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាពលើកទី១១ ដែលកម្ពុជាធ្ចើម្ចាស់ផ្ទះ ផងដែរ។

ឯកឧត្ដម ត្រិន ថាញ់មិន បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចរដ្ឋសភាធិបតី ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតជូនឯកឧត្តមនិងគណៈប្រតិភូ។ ឯកឧត្តមបានសម្តែងក្តីរីករាយចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ដែលមានការរីកចម្រើនរឹងមាំឡើងឡើងជាលំដាប់ បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទំាងសងខាងជាច្រើន៕