សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ការបង្កើតរចនាសម្ព័ន្ធសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅតាមក្រសួងស្ថាប័ននានា ជារបត់ថ្មីមួយក្នុងការលុបបំបាត់ចោលនូវទស្សនៈ ដែលថា ប្តីស័ក្កិ៤ប្រពន្ធស័ក្តិ៥ 

ក្នុងឱកាស អនុញ្ញាតជូនប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ដឹកនាំដោយ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ចូលជួបសម្តែងការគួសម និងទទួលអនុសាសន៍ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា៖ ការបង្កើតរចនាសម្ព័ន្ធសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅតាមក្រសួងស្ថាប័ននានា ជារបត់ថ្មីមួយក្នុងការលុបបំបាត់ចោលនូវទស្សនៈ ដែលថា ប្តីស័ក្កិ៤ប្រពន្ធស័ក្តិ៥ មកជាការចូលរួមចំណែកនិងការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ពីព្រោះថាបុរសនិងស្រ្តីជាដៃទំាងពីរត្រូវជួយគ្នាទៅវិញទៅមកដោយមិនអាចខ្វះដៃណាមួយបាននោះឡើយ។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការងាររបស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៃក្រសួងព័ត៌មាន ដែលកន្លងមកបានចូលរួមយ៉ាងសកម្មនៅក្នុងការរួមចំណែកធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងក្រសួង ក៏ដូចជាសង្គមខាងក្រៅ តាមរយៈការស្វែងយល់សុខទុក្ខ មន្រ្តីរាជការដែលជានិវត្តន៍ជននិងចាស់ជរា និងជនងាយរងគ្រោះនានា ។ សកម្មភាពមនុស្សធម៌ទំាងនេះ ជាគំរូដ៏ល្អ ជាការផ្សារភ្ជាប់សុខទុក្ខរវាងអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយ។សម្តេចបានគូសបញ្ជាក់ថា ការផ្សារភ្ជាប់សុខទុក្ខអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយនេះ មិនត្រឹមជាការគោរពដឹងគុណដល់រាមច្បងដែលបានលះបង់កម្លំាងកាយចិត្តបម្រើសង្គមនិងប្រទេសជាតិប៉ុណ្ណោះទេ តែជាឱកាសដែលអ្នកជំនាន់ក្រោយបានសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ការងារពីអ្នកជំនាន់មុនផងដែរ។ សម្តេចប្រធានរដ្ឋសភា បានគោរពថ្លែងអំណរគុណជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានរៀបចំបង្កើតរចនាសម្ព័ន្ធសមាគមនៅតាមក្រសួង ស្ថាប័ននិងខេត្តរាជធានី ទូទំាងប្រទេស ក្នុងការចូលរួមចំណែកដល់ការងារមនុស្សធម៌ សង្គម និងការលើកកម្ពស់សមភាពយេនឌ័រ នៅកម្ពុជា។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេសនោះហើយ ទើបស្រ្តីនៅកម្ពុជាទទួលបានការគោរព ការផ្តល់ជូនឋានៈតួនាទីនៅក្នុងសង្គម ដូចពេលបច្ចុប្បន្ននេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា តួនាទីនិងឋានៈរបស់ស្រ្តីនៅក្នុងសង្គមផ្សារភ្ជាប់ជាមួយស្ថានភាពនយោបាយរបស់សង្គមជាតិនីមួយៗ។ សង្គមជាតិមានសន្តិភាព ស្រ្តីមានសិទ្ធិ មានសេរីភាពនិងទទួលបានឋានៈនៅក្នុងសង្គម។ បើសង្គមជាតិជួបសង្រ្គាមគឺបាត់បង់សិទ្ធិទំាងអស់ សូម្បីសិទ្ធិជាមូលដ្ឋាននៃការរស់រានមានជីវិតក៏គ្មានដែរ។