សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹងWHO

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨ នៃរដ្ឋសភា ជាមួយនឹងអង្គការសុខភាពពិភពលោក (WHO)។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអនុញ្ញាតឲ្យលោក ស្រី ម៉ារីអានណា ទ្រីអាស (Marianna Trias) តំណាងអង្គការសុខ ភាពពិភពលោក (WHO)ប្រចាំនៅកម្ពុជា និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារ បន្ទាប់ពីបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងការចូលរួមសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី«បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោ បាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៥ ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់អង្គការសុខ ភាពពិភពលោកសម្រាប់ការគាំទ្រដល់រាជរដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជា ក្នុងការជំរុញវិស័យថែទាំសុខុមាលភាពប្រជាជនកម្ពុជា។ សម្តេចក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈនិងការចូលរួមក្នុងការអភិវឌ្ឍន៍គោលនយោបាយព្រមទាំងការកសាងភាពជាដៃគូដើម្បីពង្រឹងវិស័យថែទាំសុខភាពរួមទាំងយុទ្ធនា ការទប់ស្កាត់ជំងឺមិនឆ្លងនានា ក្នុងន័យថាការការពារគឺតែងតែប្រសើរជាងការព្យាបាល។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះគម្រោងរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ ខាងមុខនេះ ។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកនេះ នឹងដើរតួនាទីជាវេទិកាដ៏មានសារៈសម្រាប់សមាជិកសភាក្នុងការផ្លាស់ប្តូរយោបល់ ការកសាងគោលនយោបាយ ការពង្រឹងសមត្ថភាពនិងការជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកសកម្មភាពសុខភាពប្រកបដោយចីរភាព។ សម្តេចរដ្ឋសភាធិបតី បានរំលេចថា សមាជិកសភា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំអនាគតវិស័យសុខាភិបាល តាមរយៈការអនុម័តច្បាប់ ការផ្តល់មូលនិធិ ការបែងចែកធនធាន ការធានានូវគណនេយ្យភាព និងតម្លាភាពរបស់រដ្ឋាភិបាល ដោយធ្វើការសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែងសម្រាប់គោលដៅជាតិ និងសកល រួមទាំងការលើកកម្ពស់ការចូលរួមពីសាធារណជនក្នុងកិច្ចពិភាក្សា ស្ដីពីសុខភាព។ សម្តេចប្រធានរដ្ឋសភា មានជំនឿមុតមាំថា វេទិកានេះនឹងផ្តល់នូវឱកាស ក៏ដូចជាបរិយាកាសដ៏សមស្រប ហើយនិងបើកចំហទូលំទូលាយ ក្នុងការសហការគ្នាបង្កើតការធ្វើនវានុវត្តន៍ និងការបង្កើតដំណោះស្រាយ ដើម្បីបង្កើនប្រព័ន្ធថែទាំសុខភាព។

លោកស្រី ម៉ារីអានណា ទ្រីអាស ថ្លែងអំណរគុណជ្រាល់ជ្រៅសម្តេចប្រធានរដ្ឋសភាដែលបានអនុញ្ញាតជូនលោកស្រីនិងគណៈប្រតិភូបានចូលជួបពិភាក្សាការងារនៅក្នុងឱកាសនេះ។ 

ជាមួយគ្នានេះ លោកស្រីបានថ្លែងការកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជានាពេលបច្ចុប្បន្ន ធៀបទៅទសវត្សរ៍ឆ្នាំ៩០ ដែលលោកស្រីធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជានោះ។ នៅក្នុងឱកាសនេះ លោកស្រីតំណាងអង្គការសុខភាពពិភពលោក ជម្រាបជូនសម្តេចពីគម្រោងនានាដែលWHO នឹងបន្តសហការជាមួយគណៈកម្មការទី៨រដ្ឋសភា ដើម្បីជួយលើការពង្រឹងប្រព័ន្ធសុខាភិបាលនិងសុខមាលភាពប្រជាពលរដ្ឋ។ លោកស្រី ម៉ារីអានណា ទ្រីអាស បានគូសបញ្ជាក់ថា ការថែរក្សាសុខភាពបឋម(Primary Health Care)នៅថ្នាក់មូលដ្ឋាន ជាការសំខាន់ ដូច្នេះការចូលរួមពីគ្រួសារនិងសហគមន៍ ដើរតួនាទីសំខាន់ នៅក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល។ ចំណែកការប៉ះពាល់សុខភាពពីបម្រែ     បម្រួលអាកាសធាតុ ក៏ជារបៀបវារៈសំខាន់ថ្មីរបស់WHO ផងដែរ។ បញ្ហាសុខភាពផ្លូវចិត្ត ក៏ជាបញ្ហាសាកលមួយកំពុងប្រឈមខ្លាំងណាស់ដែរចំពោះសុខភាពសាធារណៈ ដែលជាផ្នែកមួយនៃជំងឺមិនឆ្លងនោះ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់សភាកម្ពុជា លើបញ្ហាសុខភាពហើយបានរៀបចំវេទិកាសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី«បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាជនសកម្ម និងយុវជន » កាលពីថ្ងៃទី៣១ខែមីនា ទទួលបានជោគជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនក្នុងកម្រិតជាតិនិងអន្តរជាតិ ចូលរួមផ្តល់យោបល់យ៉ាងផុសផុល ស្វែងរកមធ្យោបាយ រួមទាំងការទប់ស្កាត់ ការបង្ការ ជំងឺមិនឆ្លង(NCD)។

ជាថ្មីម្តងទៀត សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងប្រព្រឹត្តឡើងក្នុងពេលឆាប់ៗនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការអន្ដរជាតិ និងភាពជាដៃគូពហុភាគី ក្នុងការដោះស្រាយបញ្ហាប្រឈមសុខភាពនានាប្រកបដោយនិរន្ដរភាព និងបរិយាបន្ន។ យើងខ្ញុំនឹងទន្ទឹមរង់ចាំនូវវេទិកាដ៏សំខាន់នេះ៕