សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា អនុញ្ញាតឲ្យសភាពាណិជ្ជកម្ម និងឧស្សាហកម្ម សែប៊ី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី JOVANA MAJSTOROVIC ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេស ឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី (Chamber of Commerce and Industry of Serbia) ព្រមទាំងគណៈប្រតិភូធុរជន និងវិនិយោគិនមកពីប្រទេសសែប៊ី អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានទទួលស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ក្នុងឱកាសដែលលោកស្រី និងគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សកិច្ចការងារនៅកម្ពុជា រយៈពេល៨ថ្ងៃ ពីថ្ងៃទី០២ ដល់ថ្ងៃ០៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា។
ឧកញ៉ា តែ តាំងប៉ បានមានប្រសាសន៍ជម្រាបជូនអំពីកិច្ចការងារចម្បងរបស់សម្ព័ន្ធសមាគមសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យពាណិជ្ជកម្ម និងសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ឲ្យមានការរីកចម្រើនជាលំដាប់។
តាងនាមជាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឧកញ៉ា តែ តាំងប៉ បានមាន ប្រសាសន៍អំពីសក្កានុពលរបស់កម្ពុជាលើវិស័យពាណិជ្ជកម្ម ការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ ទីផ្សារអន្តរជាតិ ដូចជាប្រទេសចិន ព្រមទាំងគម្រោងក្នុងការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអ៊ឺរ៉ុបផង ដែរ។ ឧកញ៉ាប្រធានសម្ព័ន្ធសមាគម បានមានលើកឡើងអំពីការរក្សាទំនាក់ទំនងយ៉ាងជិតស្និត ព្រមទាំងពង្រីក និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ស៊ែប៊ី។
ជាការឆ្លើយតប លោកស្រី ប្រធានមជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេសឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី បានជម្រាបជូនអំពីការពិនិត្យឃើញពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងវិស័យធរុកិច្ច ទេសចរណ៍ កសិកម្ម និងវិស័យសំខាន់ៗជាច្រើនទៀត ក្នុងឱកាសដែលលោកស្រី និងគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សកិច្ចការងារនៅកម្ពុជា។
លោកស្រី បានជម្រាបជូនអំពីគោលបំណងរបស់ធុរជនស៊ែប៊ី ក្នុងការអញ្ជើញជួបសម្តែងការគួរសមនាឱកាសនេះ ដើម្បីស្វែងយល់អំពីសក្តានុពលរបស់កម្ពុជា ដូចជាវិស័យសេដ្ឋកិច្ច សហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្មនៅកម្ពុជា។
លោកស្រី ក៏បានលើកឡើងផងដែរអំពីកិច្ចការងាររបស់សភាពាណិជ្ជកម្មស៊ែប៊ី ដែលបានអនុវត្តការងារកន្លងមក ដូចជាវិស័យសេដ្ឋកិច្ច សហគ្រាសធុនតូច និងមធ្យម អចលនទ្រព្យ, អប់រំ, កសិកម្ម, ទេសចរណ៍ និងវិស័យមួយចំនួនទៀត ក្នុងវិស័យឯកជន ព្រមទាំងបានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយចំនួនដូចជា ប្រទេសចិន ហ្វីលីពីន តួកគី អេហ្ស៊ីប រុស្ស៊ី និងសហភាពអ៉ឺរ៉ុបផងដែរ។
លោកស្រី បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងស្វែងរកឱកាសក្នុងការវិនិយោគ ការនាំយកផលិតផលក្នុងប្រទេសកម្ពុជា នាំចេញទៅប្រទេសស៊ែប៊ី និងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរស៊ែប៊ី-កម្ពុជា។
សូមជម្រាបជូនថា មជ្ឈមណ្ឌលទទួលបន្ទុកសម្រាប់តំបន់អាស៊ី សហព័ន្ធរុស្សី និងបណ្តាប្រទេស ឯករាជ្យនៃ Commonwealth នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មសែប៊ី ព្រមទាំងគណៈប្រតិភូធុរជន និងវិនិយោគិនមកពីប្រទេសសែប៊ី បានអញ្ជើញមកបំពេញដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចំនួន៨ថ្ងៃ ពីថ្ងៃទី០២ ដល់ថ្ងៃ០៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលនៅកម្ពុជា៕