ភ្នំពេញ ៖ សហគ្រិនខ្មែរ ថ្មីៗនេះ បានប្រកាសបើកដំណើរការកម្មវិធី «សហគ្រិនមហាវិទ្យាល័យ» (UNIPRENEUR) រដូវកាលទី៣ ដែលមានការចូលរួមពីសាកលវិទ្យាល័យចំនួន៥០ មកពីទូទាំងប្រទេសកម្ពុជា។ សហគ្រិនខ្មែរមានបំណងកសាងសមត្ថភាព និងជំនាញផ្នែកសហគ្រិនភាព និងនវានុវត្តន៍របស់យុវជននៅកម្ពុជា។
គួរកត់សម្គាល់ថា កម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី៣នេះ ត្រូវបានទទួលមូលនិធិផ្គត់ផ្គង់ទាំងស្រុង ពីសហគ្រិនខ្មែរ ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំ ក្នុងការពន្លឿន និងបណ្តុះបណ្តាលជំនាញសហគ្រិនភាព របស់យុវជនកម្ពុជា។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានភាពរស់រវើក តែងតែមានការបង្កើត នវានវត្តន៍ថ្មី ថែទាំនវានុវត្តន៍ដែលមានស្រាប់ ជម្រុញនវានុវត្តន៍ដែលមានសក្តានុពល។ កម្មវិធីសហគ្រិន មហាវិទ្យាល័យ អនុញ្ញាតឱ្យយុវសិស្សរាប់ពាន់នាក់មានឱកាសបង្កើតវានុវត្តន៍ថ្មី ដើម្បីទុកជាទុនសម្រាប់ គំនិតច្នៃប្រឌិតថ្ងៃក្រោយ ដែលជាការអភិវឌ្ឍមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា»។
កម្មវិធីនេះរចនាឡើងជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ មានគោលដៅធំក្នុងការបណ្តុះបណ្តាល និស្សិតប្រមាណ ២.០០០ នាក់ មកពី ៥០ ស្ថាប័នអប់រំ ដោយក្នុងនោះមានការបង្កើតធុរកិច្ចថ្មី ប្រមាណ៧៥ និងពង្រឹងសមត្ថភាពគ្រូបង្វឹក ៣៥ នាក់ ជាមួយនឹងជំនាញ និងចំណេះដឹងផ្នែកសហគ្រិនភាពសំខាន់ៗ ដែលអាចយកទៅអនុវត្ត កម្មវិធីសហគ្រិន មហាវិទ្យាល័យក្នុងស្ថាប័នផ្ទាល់រៀងៗខ្លួន។ ក្នុងការកសាងប្រព័ន្ធសហគ្រិនភាពដែលមានភាពប្រទាក់ក្រឡាគ្នា សហគ្រិនខ្មែរកំពុងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា ដែលការងារនេះ នឹងជម្រុញកំណើនសេដ្ឋកិច្ច និងជំរុញវឌ្ឍនភាពសង្គម។
កម្មវិធីសហគ្រិនមហាវិទ្យាល័យ ត្រូវបានរៀបចំឡើងដោយមានកម្មវិធីស្នូល ចំនួនបួន ដែលកម្មវិធី នីមួយៗត្រូវបានរៀបចំឡើងដើម្បីបំពេញតាមបំណង និងតម្រូវការររបស់សហគ្រិននិស្សិត៖
1. UnipreneurCamp ជាកម្មវិធី Hackthon មានរយៈពេល ៣ ថ្ងៃត្រូវបានបង្កើតឡើងសម្រាប់និស្សិត ដែលត្រៀមខ្លួនក្លាយជាសហគ្រិនដំបូង។
2. UnipreneurSprint ជាកម្មវិធី បណ្ដុះធុរកិច្ចបង្កើតថ្មី អនឡាញ រយៈពេល ៣ សប្តាហ៍ ដែលមានភាពបត់បែន និងងាយស្រួលសម្រាប់សហគ្រិនថ្មី ក្នុងការសិក្សាស្វែងយល់ពីវិធីសាស្ត្រ ក្នុងការស្វែងរកអតិថិជន (Customer Acquisition) និង ការកៀរគរទុន វិនិយោគ (Fundraising)។
3. UniPreneur National Challenge គឺជាកម្មវិធីប្រកួតប្រជែងប្រកបដោយកិត្យានុភាព ដែលនាំយក ក្រុមសហគ្រិននិស្សិតដែលមានសក្តានុពលចេញពីកម្មវិធី UnipreneurSprint មកពីសាកលវិទ្យាល័យ ផ្សេងៗគ្នាទូទាំងប្រទេសមកប្រកួតប្រជែងគ្នា។
4. UnipreneurEducator គឺជាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរយៈពេល ២ ថ្ងៃសម្រាប់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ក្នុងវិស័យអាជីវកម្ម បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលផ្តល់នូវចំណេះដឹងសំខាន់ៗ អំពី សហគ្រិនភាព ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនាពេល បច្ចុប្បន្ន៕