សហគ្រិនខ្មែរ រៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ

សហគ្រិនខ្មែរ បានរៀបចំវេទិកាផ្គូរផ្គងសហគ្រាសធុនតូចនិងមធ្យម និងទីផ្សារ ក្នុងគោលដៅពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់ផលិតផលកម្ពុជា។ វេទិកានេះជាផ្នែកមួយនៃទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ឆ្នាំ២០២៤ ដែលធ្វើឡើងនៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តល់ឱកាសសម្រាប់ការតាំងបង្ហាញផលិតផល, ការប្រកួតប្រជែងគំនិតធុរកិច្ច, និងជំនួបរវាងដៃគូពាក់ព័ន្ធ ដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ 

វាទិកានេះបាននាំយកសហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនផ្សារទំនើប និងក្រុមហ៊ុនចែកចាយផលិតផល មកជួបជុំគ្នាដើម្បីស្វែងយល់ពីលក្ខខណ្ឌតម្រូវ ពិសេសស្តង់ដារ ដើម្បីឱ្យផលិតផលរបស់ពួកគេអាចឈានចូលក្នុងផ្សារទំនើប និងក្នុងបណ្តាញចែកចាយធំៗបាន។ កម្មវិធីនេះមានការចូលរួមពីតួអង្គពាក់ព័ន្ធសំខាន់ៗមកពីវិស័យសាធារណៈ និងឯកជន រួមមានក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍, ផ្សារទំនើបអ៊ីអន (AEON), ផ្សារទំនើបម៉ាក្រូ (Makro), ក្រុមហ៊ុនចែកចាយផលិតផល LSH, តំណាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងសហគ្រាសធុនតូចនិងមធ្យម ជាច្រើនទៀត។ 

ក្នុងឱកាសនោះក៏មានការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសមាគមអ្នកផលិតចំណីអាហារកម្ពុជា និងក្រុមហ៊ុនចែកចាយផលិតផលកូរ៉េ Wellsground ដោយកំណត់ផលិតផលកសិកម្ម និងនេសាទកម្ពុជា សម្រាប់នាំចេញទៅប្រទេសកូរ៉េផងដែរ។ អនុស្សារណៈនេះជាលទ្ធផលនៃកម្មវិធីផ្សព្វផ្សាយផលិតផលចំណីអាហារ និងភេសជ្ជៈ ដែលបានទទួលការគាំទ្រពីសហគ្រិនខ្មែរ និងរៀបចំដោយសមាគមអ្នកផលិតចំណីអាហារកម្ពុជា នៅក្នុងពិព័រណ៍ពាណិជ្ជកម្មអាស៊ានឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីខែសីហាកន្លងទៅ។