សហព័ន្ធកីឡាចំបាប់កម្ពុជា រំពឹងខ្ពស់ថា សិក្ខាកាមជាគ្រូបង្វឹក ទទួល ចំណេះដឹងពី វគ្គសាមគ្គីអូឡាំពិក នឹងរួមចំណែកផលិតធនធាន សម្រាប់កម្ពុជា បាន កាន់តែច្រើន

លោក ខេ សីបាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងថា សិក្ខាកាម ជាគ្រូបង្វឹកកីឡាចំបាប់ មកពីបណ្តាខេត្ត ដែលបានចូលរួមក្នុង កម្មវិធីបណ្តុះបណ្តាល រយៈពេល ១២ថ្ងៃនេះ នឹងក្លាយជាសារៈសំខាន់ នៃការចែករំលែកចំណេះដឹង ចំបាប់បែបគរុកោសល្យ ដែលបានផ្តល់ជូនដោយ លោក គ្រូ Marty Hauck អ្នកជំនាញកីឡា ចំបាប់កម្រិតមេដាយមាស របស់សហរដ្ឋអាមេរិក ការថ្លែងនេះ នៅក្នុងពិធីបិទបញ្ចប់វគ្គ សាមគ្គីអូឡាំពិក ស្ដីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាចំបាប់ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក អនុប្រធាន បានគូសបញ្ជាក់ទៀតថា តាមរយៈវគ្គសិក្សាសាមគ្គីអូឡាំពិកនេះ វានឹងរួមចំណែកផលិតបាននូវធនធានកីឡាចំបាប់វ័យក្មេងនៅតាមបណ្តាខេត្តបានកាន់តែច្រើន ដ្បិតវគ្គនេះជាលើកទី១ហើយ បានធ្វើការបណ្តុះបណ្តាលដល់គ្រូៗនៅតាមបណ្តាខេត្ត។ 

ជាមួយគ្នានេះដែរ ឯកឧត្តម ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលជាគ្រូបង្រឹកដែលបានខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសអន្តរជាតិពាក់ព័ន្ធនិងគោលការណ៍បច្ចេកទេសនៃការបង្វឹកកីឡាចំបាប់ ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញលើសមត្ថភាពជាគ្រូបង្វឹក។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា វគ្គសិក្សាសាមគ្គីអូឡាំពិកគ្រូចំបាប់ កម្រិតជាតិ មួយនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែល មានរយៈពេល៥ខែ ដោយ គិតចាប់ពីថ្ងៃទី១ ខែ កក្តដា ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តោតលើគោលបំណងសំខាន់ចំនួន៤រួមមាន៖

១. បង្កើតគោលនយោបាយថ្មីសម្រាប់ការប្រកួតនិងការបង្វឹកប្រកបដោយប្រ សិទ្ធភាព ខ្ពស់សម្រាប់កីឡាចំបាប់ថ្នាក់ជាតិ។ 

២.កម្មវិធីកំណត់ទេពកោសល្យនិងស្វែងរកថែរក្សាអត្តពលិកកីឡាចំបាប់វ័យក្មេង ដើម្បីទទួលបានជោគជ័យ។

៣.រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្វឹក និងមន្រ្តីអាជ្ញាកណ្តាលចៅក្រម ដើម្បីបង្កើតជំនាញ និងធានាបាននូវនិរន្តរភាពកីឡាចំបាប់នូវក្នុងប្រទេស។

៤. អភិវឌ្ឍន៍ធនធានមនុស្សនិងប្រព័ន្ធរៀបចំការប្រកួត ដើម្បីត្រៀមរៀបចំការប្រកួតយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមសម្តែងនូវការកោតសសើរ ចំពោះ សហព័ន្ធកីឡាចំបាប់កម្ពុជា ដែលមានចក្ខុវិស័យនិងផែនការយុទ្ធសាស្រ្តច្បាស់លាស់ ក្នុងការអភិវឌ្ឍធនធានកីឡាករកីឡាការិនី មន្រ្តីបច្ចេកទេស និងគ្រូបង្វឹក។

សូមបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិកស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡា ចំបាប់ មានសិលក្ខាកាម២៥នាក់ មានរយៈពេល១២ថ្ងៃ ពីថ្ងៃទី០៧ ដល់ថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០២៤ នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្ហាត់ដោយ គ្រូឧទ្ទេស លោក Marty Hauck គ្រូចំបាប់ជនជាតិអាមេរិកាំង ដែលសហ ព័ន្ធកីឡា ចំបាប់ពិភពលោកបញ្ជូនមកតាមរយៈក្រោមគម្រោងសាមគ្គីអូឡាំពិកអន្តរជាតិ៕