សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ រៀបចំ ការប្រកួតជ្រើសរើសជើងឯកពិភពលោក កីឡាគុនខ្មែរ លើកទី៥ នៅខេត្តសៀមរាប

សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ រៀបចំ ការប្រកួតជ្រើសរើសជើងឯកពិភពលោក កីឡាគុនខ្មែរ លើកទី៥ នៅខេត្តសៀមរាប

………..

ឯកឧត្តម មៀម រ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះ មានប្រទេស ចូលរួមចំនួន២៤ប្រទេស ធ្វើការប្រកួត ដោយយកតាមលំនាំ ស៊ីហ្គេម។ ការថ្លែងបែកនេះ ក្នុងសន្និសិទសារព័ត៌មាន ស្តីពីការ ប្រកាសរៀបចំ ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកពិភពលោកកីឡាគុនខ្មែរ លើកទី៥ ដែលនិងធ្វើឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ។

ឯកឧត្តម ប្រធានសហព័ន្ធ បានបញ្ជាក់ទៀតថា ក្រៅពីកីឡាករអាជីព និងពាក់កណ្តាលអាជីព ក៏មានកុមារាចាប់ពីអាយុ ១០ ដល់ ១៣ឆ្នាំ ដែលមានឥណ្ឌាប៉ះកីឡាករខ្មែរ។ កុមារាអាយុ ១៤ ដល់ ១៧ឆ្នាំ មកពីបណ្ដាប្រទេសផ្សេងៗផងដែរ ។ សម្រាប់ការដាក់ប្រភេទអាយុក្មេងៗទាំងអស់នេះចូលយើងមានគោលដៅពង្រឹងសមត្ថភាពពួកគាត់ ដោយគ្រោងដាក់បញ្ចូលវិញ្ញាសាគុនខ្មែរអន្តរជាតិចូលរួមនៅក្នុងកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយ ក៏ជាការសម្រួចមួយក្នុងទិសដៅឆ្ពោះទៅអូឡាំពិកហ្គេមឆ្នាំ២០៣២ នៅប្រទេសអូស្រ្តាលីផងដែរ។

ឯកឧត្តម បន្ថែមទៀតថា សម្រាប់ការរៀបចំជើងឯកគុនខ្មែរពិភពលោកនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ មានគោលបំណងកៀគរប្រទេសនៅលើពិភពចូលរួមជាសមាជិកឱ្យបាន ១០០ប្រទេសនៅថ្ងៃអនាគត ខណៈបច្ចុប្បន្ននេះ សហព័ន្ធគុនខ្មែរអន្តរជាតិបានកៀគរប្រទេសជាសមាជិកបានជា៦០ប្រទេសទៅហើយ ។ ដើម្បីសម្រេចបានទិសដៅនេះ សហព័ន្ធ នឹងមានការរៀបចំការប្រកួតតាមទ្វីប ដោយមានការចូលរួមពីកម្ពុជាដែរ។ ក្នុងនោះ សហព័ន្ធគ្រោងទៅបារាំង អាហ្វិ្រក អូស្ត្រាលី កូរ៉េខាងត្បូង ហើយបកមកអាស៊ីវិញ រួចបន្តទៅកាណាដា រៀបចំការប្រកួតជើងឯកទ្វីបអាមេរិក។ ចាប់ពីខែមេសា ឆ្នាំ២០២៥ទៅ នឹងមានការរៀបចំ២ខែម្ដងទៅតាមទ្វីបនីមួយៗ។

សូមបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោកកីឡាគុនខ្មែរលើកទី៥ ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានប្រទេសចូលរួមមានដូចជា កៀរហ្ស៊ីស៊ីស្ថាន អ៊ីរ៉ង់ បារាំង អាមេរិក ជាដើម។ សរុប មាន២៤ប្រទេស កីឡាករ កីឡាការិនី១១៨នាក់។ ក្នុងនោះ បារាំងមានកីឡាករកីឡាការិនីច្រើនជាងគេ គឺ១៧នាក់៕