សហព័ន្ធបាល់បោះបានដៃគូអភិវឌ្ឍ CSSR FUTURE NOWដើម្បីពង្រឹង ការប្រកួតលីគ យុវជនឱ្យមានគុណភាពយូរអង្វែង

សហព័ន្ធកីឡា បាល់បោះកម្ពុជា បានបង្ហាញក្តី រំភើបរីករាយ ដោយក្រុមហ៊ុន CSSR FUTURE NOW Co., LTD បានបង្ហាញឆន្ទៈខ្ពស់ ក្នុងការចូលរួម អភិវឌ្ឍកីឡា បាល់បោះ តាមរយៈការរៀបចំ លីគបាល់បោះយុវជន ឱ្យមានគុណភាព និងយូរអង្វែង ។ 

ការបង្ហាញ របស់លោកស្រី កែវ មនោរម្យ សមាជិកប្រតិបត្តិ សហព័ន្ធកីឡា បាល់បោះកម្ពុជា ក្នុងឱកាសសន្និសីទសារព័ត៌មាន និងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពី ការអភិវឌ្ឍកីឡាបាល់បោះយុវជន រវាងសហព័ន្ធកីឡាបាល់បោះកម្ពុជា និងក្រុមហ៊ុន CSSR FUTURE NOW Co., LTD កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោកស្រី កែវ មនោរម្យ គូសបញ្ជាក់ថា ក្រុមហ៊ុន CSSR FUTURE NOW Co., LTD បានចូលរួមជាដៃគូ ក្នុងការអភិវឌ្ឍកីឡាបាល់បោះយុវជន រៀបចំដំណើរការប្រកួត High School League ក្នុងគោលបំណងបំផុសកីឡាបាល់បោះឱ្យយុវជនចូលរួមគាំទ្រ និងលេង ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកាត់បន្ថយភាពអសកម្ម ផ្សេងក្នុងសង្គម។ ក្រោយការចុះកិច្ចព្រមព្រៀងគ្នានេះ យើងនឹងរួមគ្នារៀបចំផែនការលីគបាល់បោះឈុតU15 និងU19 បុរស-នារីរបស់ប្រទេសកម្ពុជាឱ្យមានដំណើរការដោយរលូន ដោយនេះជាឱកាសដ៏ល្អក្នុងការបោះជំហានទៅមុខឱ្យមានភាពរឹងមាំ នៅក្នុងកម្រិតថ្នាលយុវជន

លោកស្រី កែវ មនោរម្យ តំណាងឲ្យ ឯកឧត្តម ប្រធានសហព័ន្ធ កីឡាបាល់បោះកម្ពុជា សង្កត់ធ្ងន់ថា ៖«តាមរយៈ MOU នេះគឺជាផ្លែផ្កាមួយ នៃវិស័យកីឡាបាល់បោះ នៅប្រទេសកម្ពុជា តទៅថ្ងៃអនាគត។ 

លោក គួច វរ្ម័ន តំណាងក្រុមហ៊ុន CSSR FUTURE NOW Co., LTD បានបង្ហាញក្តីរីករាយក្នុងការចូលរួមអភិវឌ្ឍកីឡាបាល់បោះកម្ពុជា តាមរយៈការរៀបចំលីគយុវជន។ ការឈានដល់ការអនុស្សរណៈនៃការយោគយល់គ្នានេះរបស់ក្រុមហ៊ុនរបស់លោក ជាមួយសហព័ន្ធ គឺដោយសារតែលោកចង់ផ្តល់ឱកាសដល់យុវជន យុវនារី ដែលជាសិស្សានុសិស្សចូលរួមលេងកីឡាបាល់បោះឱ្យកាន់តែច្រើនឡើង និងចង់រួមចំណែកអភិវឌ្ឍជំនាញកីឡាមួយនេះឱ្យមានការរីកចម្រើន។ លោក គួច វរ្ម័ន បន្ថែមថា តាមរយៈ MOU នេះនឹងជំរុញទឹកចិត្តដល់កីឡាករ កីឡាការិនីវ័យក្មេងរបស់កម្ពុជាបានខិតខំហ្វឹកហាត់ ដើម្បីឈានឆ្ពោះទៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាឱ្យមានភាពរឹងមាំមួយ នាថ្ងៃអនាគត។

ជាមួយគ្នានេះ លោក Austin អគ្គលេខាធិការ សហព័ន្ធកីឡាបាល់បោះកម្ពុជាបានលើកឡើងថា នេះការកិច្ចសហការថ្មីមួយទៀត ខុសពីកិច្ចសហការជាមួយដៃគូអភិវឌ្ឍលើកមុនៗ ដែលផ្តោតតែលើការអភិវឌ្ឍឈុតធំប៉ុណ្ណោះ ប៉ុន្តែការចាប់ដៃសហការជាមួយក្រុមហ៊ុន CSSR FUTURE NOW Co., LTD នាពេលនេះ គឺផ្តោតសំខាន់លើការអភិវឌ្ឍធនធានថ្នាលយុវជន។ លោកបន្ថែមថា កិច្ចសហការអភិវឌ្ឍធនធានថ្នាលយុវជន តាមរយៈការរៀបចំការប្រកួតលីគនេះនឹងជំរុញឱ្យសហព័ន្ធរៀបចំផែនការកាន់តែច្បាស់លាស់ ក្នុងរយៈពេល៤ឆ្នាំ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់កម្រិតអាស៊ី និងការប្រកួតអន្តរជាតិនានាបន្ថែមទៀត៕