សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា»
សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា សមាជិកគណ:អចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលស.ស.យ.ក. និងជាសមាជិកគណ:កម្មាការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» និង ឯកឧត្តម គង់ សុលីយ៉ា ប្រធានក្រុមការងារប្រតិបត្តិ រួមទាំងវត្តមានអញ្ជេីញចូលរួមពីប្រធាន និងអនុប្រធានក្រុមការងាររៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» និងអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
ការរៀបចំសន្និសីទនេះបានធ្វេីឡេីងក្នុងគោលបំណងផ្សព្វផ្សាយទៅកាន់អ្នកសារព័ត៌មាន និងសាធារណជនឱ្យបានជ្រាបកាន់តែច្បាស់អំពីព្រឹត្តិការណ៍ «សាទរកម្ពុជា»។
គួររំលឹកផងដែរថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលបានឆ្លងកាត់និងបានជម្នះ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ។
ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើងដោយចាប់ផ្តើមពីការតាំងលម្អ រចនាតុបតែង និងផ្សារភ្ជាប់គំនិតច្នៃប្រឌិតសិល្បៈបុរាណនិងសហសម័យ នៅតាមសួនច្បារប្របមាត់ទន្លេចតុមុខ រហូតមកដល់សួនច្បារមុខប្រាសាទច័ន្ទឆាយានៃព្រះបរមរាជវាំង។ ការតុបតែងទាំងនេះនឹងមកនូវទីតាំងដែលរៀបចំដើម្បីរំលឹកដល់បណ្តាល្បែងកំសាន្តប្រជាប្រិយនាទសវត្សទី៩០ (ឧទាហរណ៍ ល្បែងលេងលោតមឹក) ដែលជា តំណាងដល់ទឹកចិត្តសប្បាយរីករាយនៃយុវភាពកម្ពុជា ទោះក្នុងដំណាក់កាលលំបាកផ្នែកសេដ្ឋកិច្ច និងនយោបាយ។
នៅវេលាអស្តង្គត ព្រឹត្តិការណ៍នេះនឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលនឹងចាប់ផ្តើមចេញ ដំណើរពីចំណុចកែងរវាងវិថីព្រះអង្គហស្សកណ្ឌ (ផ្លូវ១៤៤) នឹងតីរវិថីព្រះស៊ីសុវត្ថិ មកកាន់សួនច្បារមុខព្រះ បរមរាជវាំង។ ក្បួនដង្ហែនេះនឹងនាំមកនូវអត្ថន័យជាក់លាក់នៃព្រឹត្តិការណ៍ “សាទរកម្ពុជា” គឺការអបអរសាទរដល់សង្គមមួយ ដែលប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ និងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិមួយ។ ការសាទរកម្ពុជាជាមួយគ្នាក្នុងកម្មវិធីក្បួនដង្ហែ រួមមានការសម្តែងទស្សនីយភាពវប្បធម៌ ព្យុហយាត្រា ឬកីឡា ជាមួយការតុបតែងសម្លៀកបំពាក់ និងគ្រឿង រចនាកាយ រួមជាមួយការច្នៃប្រឌិតបង្កើតយានក្បួនដង្ហែ ពោងបង្ហោះ និងការតុបតែងរចនា ឬគ្រឿងលម្អ ជាមួយពណ៌ បច្ចេកវិទ្យា និងពន្លឺ ក៏ដូចជាការបង្ហាញទេពកោសល្យសិល្បៈ ឬការច្នៃប្រឌិត ដោយមានកិច្ច សហការរវាងស្ថាប័ននិងក្រុម។
ព្រឹត្តិការណ៍សាទរកម្ពុជា នឹងរៀបចំការសម្តែងសិល្បៈទស្សនីយភាពចម្រុះដ៏អធិកអធម ដែលបន្តពីការបញ្ចប់នៃកម្មវិធីក្បួនដង្ហែរហូតដល់វេលាឆ្លងឆ្នាំសកល។ កម្មវិធីដ៏ពិសេសមួយដែលជានិមិត្តរូបនៃ ព្រឹត្តិការណ៍សាទរកម្ពុជា គឺ “ក្បួនដង្ហែទង់ជាតិកម្ពុជា» ដែលជាការសម្រេចដល់គោលបំណងនៃព្រឹត្តិការណ៍ គឺជាការផ្តល់ឱកាសសម្រាប់បុគ្គល ក្រុម សហគមន៍ ឬជាសង្គមទាំងមូល បង្ហាញសក្តានុពលដើម្បីចូលរួមសាទរកម្ពុជា ក្រោមទង់នៃប្រជាជាតិ “ទង់នៃព្រះរាជាណាចក្រកម្ពុជា” ដោយការរួបរួម សាមគ្គី ឯកភាព ទៅជាកម្លាំងជាតិតែមួយ។ លេីសពីនេះក៏មានការបង្ហាញនូវម្ហូបអាហារមកពី២៥ខេត្តក្រុង អ្វីដែលកាន់តែពិសេសក្នុងព្រឹិត្តិការណ៍នេះក៏មានការអញ្ជេីញចូលរួមពីសំណាក់តារាល្បីៗទូទាំងប្រទេសកម្ពុជាផងដែរ។