សាកលវិទ្យាល័យចំនួន១២ បានបញ្ចប់ការប្រកួតសវនាការប្រតិដ្ឋ John H. Jackson លើកទី២៣ ថ្នាក់តំបន់អាស៊ីបូព៌ា និងអូសេអានី

សាកលវិទ្យាល័យជាតិគ្រប់គ្រងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតសវនាការប្រតិដ្ឋ John H. Jackson លើកទី២៣ ថ្នាក់តំបន់អាស៊ីបូព៌ា និងអូសេអានី ដែលមានក្រុមប្រកួតចំនួន ១២ក្រុម មកពីបណ្តាសាកលវិទ្យាល័យចំនួន១២ មកពីកម្ពុជា ចិន តៃវ៉ាន់ ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម កូរ៉េខាងត្បូង និងហ្វីលីពីន” ។

ក្រោមការដឹកនាំ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យជាតិគ្រប់គ្រងបានទទួលធ្វើជាម្ចាស់ផ្ទះ និងមានកម្មវិធីអន្តរជាតិផ្នែកនីតិសាស្ត្រ(NUM iLAW) ជាអង្គភាពសេនាធិការ រៀបចំការប្រកួតសវនាការប្រតិដ្ឋ John H. Jackson លើកទី២៣ ថ្នាក់តំបន់អាស៊ីបូព៌ា និងអូសេអានី ដែលបានប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃចាប់ ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ដោយមានកិច្ចសហការជាមួយសមាគមនិស្សិតច្បាប់អឺរ៉ុប (The European Law Students’ Association) និងការគាំទ្រផ្នែកបច្ចេកទេសពីអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization)។

នេះគឺជាលើកទី២ ដែលសាកលវិទ្យាល័យជាតិគ្រប់គ្រង ធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត សវនាការប្រតិដ្ឋថ្នាក់តំបន់នេះ និងឆ្នាំកន្លងមកនេះយើងបានរៀបចំការប្រកួតនេះដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងទទួលបានឱកាសក្នុងការរៀបចំការប្រកួតនេះម្តងទៀតនៅក្នុងឆ្នាំនេះ។

កម្មវិធីប្រកួតនេះ មានការចូលរួមពីសាកលវិទ្យាល័យចំនួន ១២ មកពីកម្ពុជា ចិន តៃវ៉ាន់ ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម កូរ៉េខាងត្បូង និងហ្វីលីពីន និងគណៈកម្មការដាក់ពិន្ទុមានចំនួន២៤រូប(កម្ពុជាចំនួន ១៣រូប បរទេសចំនួន១១រូប មកពីបណ្តាប្រទេសស្វីស ឥណ្ឌូនេស៊ី ជប៉ុន ចិន សិង្ហបុរី អូស្ត្រាលី)។

កម្មវិធីប្រកួតសវនាការប្រតិដ្ឋ John H. Jackson បង្កើតឡើងក្នុងគោលដៅអភិវឌ្ឍន៍សមត្ថភាពនិស្សិតទូទាំងពិភពលោក ស្តីពីនីតិពាណិជ្ជកម្មអន្តរជាតិ និងការដោះស្រាយវិវាទតាមយន្តការអង្គការពាណិជ្ជកម្មពិភពលោក។ កម្មវិធីនេះ មានការចូលរួមពីក្រុមនិស្សិតប្រមាណ១០០ក្រុម នៃសាកលវិទ្យាល័យចំនួន៨០ មកពី៤០ប្រទេស ត្រូវឆ្លងការប្រកួតថ្នាក់តំបន់ចំនួន៦មុនឈានដល់ការប្រកួត កម្រិតពិភពលោកនៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានមានប្រសាស៍ដ៏ខ្ពង់ខ្ពស់នៅក្នុងកម្មវិធីបិទថា៖ “ការសិក្សាផ្នែកច្បាប់ គឺត្រូវផ្តោតសំខាន់លើការរៀនសូត្រភ្ជាប់ជាមួយនិងការអនុវត្ត ហើយការប្រកួតសវនាការប្រតិដ្ឋនេះទៀតសោតជាវិធីសាស្ត្រចម្បងមួយនៅក្នុងកម្មវិធីអន្តរជាតិផ្នែកនីតិសាស្ត្រនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។” ឯកឧត្តមសាស្ត្រាចារ្យ បានបន្តថា “ការរៀនសូត្រភ្ជាប់ជាមួយនិងការអនុវត្ត គឺជារបៀបរៀនសូត្រមួយដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់និស្សិតយកមកប្រើប្រាស់នៅក្នុងការប្រកបការងារជាក់ស្តែងបាន ៕