សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យនេះ រៀបចំសង្ក្រាន្តនិស្សិត AUB អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សង្ក្រាន្តនិស្សិតAUB បានចាប់ផ្ដើមឡើងនាថ្ងៃទី 4 ខែមេសាឆ្នាំ 2025 នៅក្នុងបរិវេណសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដោយកម្មវិធីនេះត្រូវបានគេរំពឹងទុកថានឹងមានការចូលរួមពីសិស្សនិស្សិតនិងសាធារណជនទូទៅប្រមាណជាង១០០០០នាក់។ 

លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា បានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ  រាជរដ្ឋាភិបាលកម្ពុជា បានបើកទូលាយដល់គ្រឹះស្ថានអប់រំសាធារណៈនិងឯកជនផ្សេងៗ រៀបចំកម្មវិធីសង្ក្រាន្តតាមទីតាំងនិមួយៗដើម្បីបង្កើតបរិយាកាសសប្បាយរីករាយប្រកបដោយមិត្តភាពសាមគ្គីភាពនិងចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏ល្អផូរផង់ឱ្យបានគង់វង្ស ដូច្នេះហើយទើបសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យនេះ បានរៀបចំកម្មវិធីសង្ក្រាន្តនិស្សិតAUB ក្នុងគោលបំណងដើម្បីលើកកម្ពស់ភាពរុងរឿងរីកចម្រើនរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា,លើកកម្ពស់ការចូលរួមរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាAUB ជាមួយសហគមន៍ ជាពិសេសដើម្បីបណ្ដុះគំនិតយុវជន សិស្សនិស្សិតឲ្យចូលរួមលើកកម្ពស់មោទនភាពនិងសេចក្តីស្រឡាញ់ថែរក្សាចំពោះវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏ល្អផូផង់ និងបង្កើតនូវបរិយាកាសសប្បាយរីករាយជួបជុំគ្នាជាមួយគ្រួសារAUB បង្កើនមិត្តភាព,សាមគ្គីភាព រវាងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនិងនិស្សិត បន្ទាប់ពីបានឆ្លងកាត់វគ្គសិក្សាយ៉ាងម៉ត់ចត់នាពេលកន្លងមក,ផ្ដល់នូវភាពសប្បាយរីករាយនិងសកម្មភាពអប់រំនានា,តាមរយៈការលើកទឹកចិត្តដល់និស្សិតទាំងអស់ឲ្យអនុវត្តនូវអ្វីដែលពួកគេបានរៀនសូត្រ, ជាពិសេសគឺដើម្បីត្រៀមទទួលអំណរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្ស៉ាញ់ សប្តស័ក ព.ស 2569ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។ 

ជាមួយនេះលោកបណ្ឌិត ផុនណារិន ក៏បានអំពាវនាវនិងជំរុញលើកទឹកចិត្តដល់សាធារណជនទូទៅនិងនិស្សិតទាំងអស់អាចនាំក្រុមគ្រួសារសាច់ញាតិមកចូលរួមលេងកម្សាន្តសប្បាយក្នុងកម្មវិធីសង្ក្រាន្តនិស្សិតAUBនេះឲ្យបានច្រើនកុះករ។

សូមបញ្ជាក់ថា ក្នុងកម្មវិធីសង្ក្រាន្តនិស្សិតAUB អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា បានរៀបចំកម្មវិធីជាច្រើនដូចជា ពិធីសូត្រមន្តចំរើនមង្គលសួស្ដីបុណ្យចូលឆ្នាំថ្មី , ការសម្ដែងទស្សនីយភាពរបាំជូនពរ និងរបាំត្រុដិ ដោយសមាគមបង្កើតឋានសួគ៌កុមារកម្ពុជា, ចម្រៀងគ្រូបង្រៀន, ចម្រៀងនិស្សិត, ការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនមុខ និងមានការចូលរួមសម្ដែងសិល្បៈចម្រៀងបែបសម័យ និងប្រពៃណីពីសិល្បករ សិល្បការិនីជាច្រើន ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់សិស្សនិស្សិត និងសាធារណជនទូទៅបានចូលរួមកម្សាន្តសប្បាយ។