សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បើកបវេសនកាលឆ្នាំសិក្សាថ្មី 2024-2025 សម្រាប់និស្សិតជំនាន់ទី៩

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បើកបវេសនកាលឆ្នាំសិក្សាថ្មី 2024-2025 សម្រាប់និស្សិតជំនាន់ទី៩ ។ លោកបណ្ឌិត ផុន ណារិន សកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឲ្យដឹងថា សាកលវិទ្យាល័យ បាននិងកំពុងបន្តចូលរួមចំណែក និងអនុវត្តស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាព ក្នុងគោលដៅឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះដឹង និងសមត្ថភាពខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។
លោកបណ្ឌិត ផុន ណារិន ឲ្យដឹងទៀតថា ក្នុងរយះពេល៩ឆ្នាំ កន្លងមកនេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានទទួលនិស្សិតចូលសិក្សា សរុបប្រមាណ 9,232នាក់ ក្នុងនោះនិស្សិតស្រី 7,044នាក់ គិតត្រឹមខែកុម្ភះ ឆ្នាំ2025នេះ។ សាកលវិទ្យាល័យ បានកែលម្អកម្មវិធីសិក្សា ដែលសង្កត់ធ្ងន់លើការអនុវត្តជាកស្តែង បំណិនសតវត្សទី21 ជាពិសេសជំនាញទន់ដែលបានបញ្ចូលទៅក្នុងគ្រប់មុខវិជ្ជាទាំងអស់ ដូចជាៈ ការគិតប្រកបដោយការពិចារណា ការសម្របខ្លួន ការសហការធ្វើកិច្ចការជាក្រុម ការច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាជាដើម។ ជាងនេះទៅទៀត សាកលវិទ្យាល័យ បានបញ្ចូលនូវវិធីសាស្ត្របង្រៀនបែប Conducive Learning environment ដែលបង្កើតនូវបរិយាកាសល្អ ធ្វើឲ្យនិស្សិតរីករាយក្នុងការសិក្សា និងកម្មវិធីហាត់ការ កម្មសិក្សាដល់និស្សិតផងដែរ។ សេវាកម្មបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈ សហគ្រិនភាព និងធនាគារ រួមមានៈ វគ្គសិក្សារយះពេលខ្លី និងមធ្យមលើជំនាញ គ្រប់គ្រងឥណទាន បេឡាធិការ គណនេយ្យការ ការប្រើប្រាស់បច្ចេកវិទ្យាកុំព្យូរទ័រ ភាពជាអ្នកដឹកនាំសហគ្រិនភាព ការគ្រប់គ្រងដឹកនាំ និងជំនាញទន់ជាដើម សម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិត របស់ក្រុមហ៊ុន សាធារណៈ និងសិស្ស-និស្សិត ដែលមានបំណងពង្រីកចំណេះដឹងជំនាញរបស់ខ្លួន។
ដើម្បីសម្រេចបានទិសដៅដែលបានគ្រោងទុក លោកបណ្ឌិត ផុន ណារិន បានផ្តល់អនុសាសន៍ដល់ក្រុមការងារ សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ សម្រាប់ឆ្នាំសិក្សាថ្មីនេះ ត្រូវខិតខំស្វែងរកវិធីសាស្ត្រថ្មីៗ និងហ៊ានអនុវត្តគំនិតនវានុវត្ត ដើម្បីលើកស្ទួយគុណភាពធនធានមនុស្សក្នុងសកលវិទ្យាល័យ ជាពិសេស ឤណាព្យាបាលទាំងអស់ ត្រូវចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យអប់រំកម្ពុជា ឱ្យកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីជួយដល់និស្សិតឱ្យក្លាយជាបុគ្គលិកមានសមត្ថភាពពេញលក្ខណៈ ទាំងចំណេះដឹង វិន័យ សីលធម៌ ស្មារតីរឹងប៉ឹង និងសុខភាពល្អប្រសើរ សម្រាប់ជាធនធានបន្តវេន ដ៏មានសក្តានុពល ក្នុងការចូលរួមការពារ អភិរក្ស និងអភិវឌ្ឍជាតិ។
សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា មានចក្ខុវិស័យ ជាថ្នាលអប់រំធុរៈកិច្ច ប្រកបដោយគុណភាពឈានមុខ បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងតំបន់ និងមានបេសកកម្ម ផ្តល់នូវសេវាកម្មអប់រំ និងបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានបទពិសោធន៍ប្រតិបត្តិការលើវិស័យអប់រំឧត្តមសិក្សា ដែលមានមហាវិទ្យាល័យចំនួន៥ គឺ: មហាវិទ្យាល័យហិរញ្ញវត្ថុ និងគណនេយ្យ, នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, ពាណិជ្ជសាស្ត្រ, បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ, និងមហាវិទ្យាល័យ សិល្បៈមនុស្សសាស្ត្រ និងភាសា។ ជាពិសេស សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានកំណត់ទិសដៅ ក្នុងឆ្នាំ2030 និងប្រែក្លាយទៅជា សាកលវិទ្យាល័យចុះបញ្ជី ក្នុងកំពូលសាកលវិទ្យាល័យទាំង100 នៅក្នុងតំបន់។