សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប រៀបចំពិធីបាឋកថា ស្តីពី វិជ្ជាជីវៈមេធាវី តួនាទីមេធាវីក្នុងវិស័យយុត្តិធម៌ និងបែបបទ នៃការចូលប្រកបវិជ្ជាជីវៈមេធាវី

ដើម្បីជួយពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងថ្មីៗ ជូនដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែបានរៀបចំ នូវកម្មវិធី បាឋកថា សិក្ខាសាលា និងវេទិកាវិទ្យាសាស្ត្រ ជាច្រើនដង ប្រចាំឆ្នាំ ក្នុងរង្វង់ប្រមាណពី១០-១៥ដង តាមរយៈជំនាញផ្សេងៗគ្នា នៃមហាវិទ្យាល័យ នីមួយៗ និងសាលាក្រោយឧត្តម ដោយបានអញ្ជើញ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ អ្នកឯកទេស វាគ្មិនល្បីៗកម្រិតគរុសភា(Academic) ដែលមាន ជំនាញជ្រៅជ្រះ ទាំងក្នុងវិស័យសាធារណៈ និងឯកជន នេះជាប្រសាសន៍របស់ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ថ្លែងក្នុងពិធីបាថកថា ស្តីពី វិជ្ជាជីវៈមេធាវី និងបែបបទ នៃការចូលប្រកបវិជ្ជាជីវៈមេធាវី នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានប្រសាសន៍បន្តថា សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប កម្មវិធីបាឋកថា ស្តីពី វិជ្ជាជីវៈមេធាវី តួនាទីមេធាវីក្នុងវិស័យយុត្តិធម៌ និងបែបបទនៃការចូលប្រកបវិជ្ជាជីវៈមេធាវី មានការអញ្ជើញចូលរួមពី លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើជា វាគ្មិនជំនាញវិជ្ជាជីវៈ ដែលជាថ្នាក់ដឹកនាំនៃស្ថាប័នគណៈមេធាវី ផ្តល់កិត្តិយស ធ្វើបទបង្ហាញ ដើម្បីផ្តល់នូវចំណេះដឹង ពិសោធន៍ ជាក់ស្តែងអំពី វិជ្ជាជីវៈមេធាវី និងបែបបទ នៃការចូលប្រកបវិជ្ជាជីវៈមេធាវី ដែលប្រធានបទនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក ជាពិសេសសម្រាប់អ្នកសិក្សា ជំនាញ នីតិសាស្រ្ត នេះតែម្តង។ វិជ្ជាជីវៈមេធាវី គឺជាវិជ្ជាជីវៈច្បាប់ដ៏សំខាន់មួយ និងជាគោលដៅ ដ៏ចម្បងមួយផងដែរ សម្រាប់និស្សិតច្បាប់ ដែលបានជ្រើសរើសយកជំនាញនេះ។

អ្នកឧកញ៉ា លី ឃុនថៃ បានបញ្ជាក់ថា ក្រៅពីការសិក្សា នៅក្នុងថ្នាក់រៀន សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក៏មានកម្មវិធី សម្រាប់និស្សិត ចុះធ្វើកម្មសិក្សាស្វែងយល់ ផ្សាភ្ជាប់ទ្រឹស្តី នឹងការអនុវត្តជាក់ស្តែង នៅតាមក្រសួងស្ថាប័នរដ្ឋ រដ្ឋបាលថ្នាក់ក្រោមជាតិ សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងស្ថាប័នឯកជនផងដែរ។ ក្នុងឱកាសនេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងអំណរគុណ ដល់គណៈមេធាវី នៃព្រះរាជាណាចកម្ពុជា បានផ្តល់ឱកាសដល់និស្សិតជំនាញ នីតិសាស្រ្ត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន៥០នាក់ បានចុះទស្សនៈកិច្ចសិក្សាស្វែងយល់អំពី តួនាទី និងបេសកកម្មនៅគណៈមេធាវី ដោយផ្ទាល់ផងដែរ។

លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌ ឱ្យកាន់តែប្រសើរ រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចនេះជូនក្រសួងយុត្តិធម៌ដែលជាសេនាធិការ ក្នុងការរៀបចំ ផែនការសកម្មភាពជាក់ស្តែង សំដៅធ្វើយ៉ាងណា សម្រេចឱ្យបាននូវកិច្ច ការងារអាទិភាពសំខាន់ៗ ចំនួន៣ រួមមាន (ទី១) ការបង្កើតយន្តការ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បន្ថែមលើយន្តការ ដែលមានស្រាប់ ដើម្បីជួយ សម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន (ទី២) ការជំរុញ និង ពន្លឿនការដោះស្រាយសំណុំរឿងក្តី នៅតាមតុលាការ ឱ្យបានឆាប់រហ័ស និង (ទី៣) ការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ ជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់តម្លាភាព សុច្ចរិតភាព និងភាពត្រឹមត្រូវ ក្នុងការអនុវត្ត ច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សា ចាប់ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិត មានចំនួន ២៧,៥៤៥នាក់ និងកំពុងសិក្សា សរុបចំនួន ៧,១៧១នាក់ ដែលក្នុងនោះនិស្សិត ម៉ូស្លីម ចំនួន៥៨នាក់ ស្រីចំនួន ២៩នាក់។ តាមរយៈការសិក្សាស្ទង់មតិ និស្សិតមានការងារធ្វើ 94% (ការងារត្រូវជំនាញ 53% ការងារខុសជំនាញ 34% អាជីវកម្មផ្ទាល់ខ្លួន 7%)។ ក្នុងចំណោមនិស្សិតមានការងារធ្វើ 94% នោះ និស្សិតដែលមានមុខងារជា មន្រ្តីរាជការ មានចំនួន 18% ។ ចំពោះកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ សាកលវិទ្យាល័យ មានដៃគូសហការ ចំនួន៧១ ដែលបាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងកម្មវត្ថុផ្លាស់ប្តូរបទពិសោធន៍ ការសិក្សារវាងនិស្សិត សាស្រ្តាចារ្យ បុគ្គលិក និងការស្រាវជ្រាវ ផ្តល់ឱកាសចុះកម្មសិក្សា ព្រមទាំងផ្តល់ឱកាសការងារជាដើម៕