សារមន្ទីរខេត្តកំពង់ឆ្នាំងប់កទ្វារទទួលភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាជារៀងរាល់ថ្ងៃ

ខេត្តកំពង់ឆ្នាំង ៖ ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់កាលពីពេលថ្មីៗ នេះថា សារមន្ទីរខេត្តកំពង់ឆ្នាំង បានបើកទ្វារចាំទទួលភ្ញៀវជាតិ និងអន្តរជាតិ ជារៀងរាល់ថ្ងៃ ក្នុងពេលម៉ោងធ្វើការ។ លោកមានប្រសាសន៍បែបនេះ គឺក្នុងគោលបំណងឱ្យភ្ញៀវជាតិ ពិសេសអ្នកខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលទស្សនា នូវវត្ថុបុរាណ មានដូចជាប្រតិមា កុលាលភាជន៍ និងសមុច្ច័យធ្វើអំពីលោហៈផ្សេងៗផងដែរ ដែលទាំងអស់នេះជាស្នាដៃរបស់បុព្វបុរសយើង ហើយកូនចៅខ្មែរជំនាន់ក្រោយខ្លះពុំដែលបានឃើញ។ ជាមួយនេះ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ ទាំងអន្តរជាតិ សូមអញ្ជើញមកទស្សនាឲ្យបានគ្រប់ៗ គ្នារៀងរាល់ពេលម៉ោងធ្វើការ។

លោកបានបញ្ជាក់បន្ថែមទៀតថា កន្លងមកសារមន្ទីរ បានបើកទ្វារជាយូរណាស់មកហើយ ប៉ុន្តែពុំទាន់មានភ្ញៀវទេសចរណ៍ចេញចូលច្រើននៅឡើយ។ ដូច្នេះលោកក៏សូមអំពាវនាវដល់បងប្អូនទាំងភ្ញៀវជាតិ និងអន្តរជាតិ ពិសេសមន្រ្តីរាជការនិងប្រជាពលរដ្ឋក្នុងខេត្ត សូមអញ្ជើញមកទស្សនាវត្ថុបុរាណរបស់ខ្មែរយើងឱ្យបានច្រើនកុះករ នៅរៀងរាល់ថ្ងៃធ្វើការ ពេលព្រឹកចាប់ពីម៉ោង៨:០០នាទីដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង២:០០នាទី ដល់ម៉ោង៥:៣០នាទី៕