សាលាភូមិន្ទរដ្ឋបាល និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សហការរៀបចំកម្មវិធីបាឋកថា ស្តីពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ជូនដល់សិស្សមន្ត្រី-កម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «បេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ កម្មសិក្សាការី និងសិស្សមន្ត្រី ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុប៩៤៨អង្គ/នាក់ ទាំងចូលរួមដោយផ្ទាល់ នៅក្នុងសហសាល និងពីចម្ងាយតាមរយៈ ប្រព័ន្ធសិក្សា Microsoft Teams របស់សាលាភូមិន្ទរដ្ឋបាល ។
គួរបញ្ជាក់ថា បាឋកថានាថ្ងៃនេះ មានគោលបំណងផ្សព្វផ្សាយអំពីបេសកកម្មរបស់ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(អ.ដ.ក) ដែលជាស្ថាប័នថ្មីមួយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ជូនដល់សិស្សមន្ត្រី-កម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល។
ទន្ទឹមនេះ បាឋកថានេះ នឹងផ្តល់ឱ្យអ្នកចូលរួមបានយល់ដឹងអំពី៖
– ការអនុវត្ត និងទិសដៅការងាររបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
– កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទធ្វើឡើងដោយ អ.ដ.ក. មានអនុភាពអនុវត្តដូចសាលក្រម ស្ថាពររបស់តុលាការ។
– វឌ្ឍនភាពនៃការកែទម្រង់វិស័យយុត្តិធម៌ ពិសេសលើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
គួរបញ្ជាក់ថា ចំពោះកម្មវិធីបាឋកថានាពេលរសៀលនេះ ក្រុមការងារបានរៀបចំជូនសិក្ខាកាម សម្រាប់ចូលរួមផ្ទាល់រួមមាន : សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣, សិស្សមន្ត្រីក្រមការជំនាន់ទី១១ ក្រុម១, និងកម្មសិក្សាការីវគ្គវិក្រឹការមន្ត្រី
ជាន់ខ្ពស់ សរុបចំនួន២៤២អង្គ/នាក់(ស្រី២៨នាក់,
ព្រះសង្ឃ១២អង្គ) ។ ការចូលរួមតាមប្រព័ន្ធអនឡាញ (Microsoft Teams) រួមមាន : សិស្សមន្ត្រីក្រមការជំនាន់ទី១១ ក្រុម២ និងក្រុម៣ និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម សរុបចំនួន៧០៦អង្គ/នាក់(ស្រី១៦៣នាក់, ព្រះសង្ឃ៨អង្គ) ៕