សាលា AUPP Liger Leadership Academy ដែលជាសាលាអន្តរជាតិផ្តោតលើសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ហើយក៏ជាសាលាដែលបានប្តូរពី សាលាអាហារូបករណ៍ទាំងស្រុង ទៅជាសាលាដែលទទួលសិស្សបង់ប្រាក់វិញ។ ការប្តូរបែបនេះ គឺនៅពេលដែលពីមុនសាលាស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ Liger ហើយត្រូវបានវិនិយោគដោយក្រុមហ៊ុន AUPP ដោយបានប្តូរឈ្មោះទៅជា AUPP Liger Leadership Academyវិញ។ ការផ្លាស់ប្តូរនេះគឺក្នុងគោលបំណងធ្វើឱ្យប្រតិបត្តិការបានល្អប្រសើរ និងការអប់រំមានប្រសិទ្ធភាពជាងមុន។
យោងតាមការប្រកាសជាផ្លូវការពីសាលា Liger បានឱ្យដឹងថាការផ្តល់នូវការអប់រំរបស់សាលា នេះ នឹងនៅតែបន្តមាននៅក្នុងប្រទេសកម្ពុជា ហើយសាលា Liger ក៏ទទួលបានការគាំទ្រពីប្រជាជនកម្ពុជារួចទៅហើយផងដែរ។
គួររំឭកថា កាលពីក្នុងខែធ្នូឆ្នាំ២០២៣ LLA បានប្រកាសថា ខ្លួននឹងកែទម្រង់លើគំរូអាជីវកម្មរបស់ខ្លួនលើសពីកម្មវិធីអាហារូបករណ៍ ដើម្បីទទួលយកសិស្សដែលបង់ថ្លៃចាប់ពីខែសីហា ឆ្នាំ ២០២៤ នេះតទៅ។ផ្តើមពីនោះសាលារៀនដែលប្រកបដោយភាពច្នៃប្រឌិតមួយនេះបានប្រកាសជាសាធារណៈ មួយទៀតនៅលើហ្វេសប៊ុកផេកផ្លូវការ ថា ឥឡូវនេះសាលាបានប្តូរឈ្មោះថា AUPP Liger Leadership Academy។ AUPP (American University of Phnom Penh) គឺជាសាកលវិទ្យាល័យឯកជនភាសាអង់គ្លេស មួយ ដែលត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ២០១៤ មានមួយសាខានៅក្នុងរាជធានីភ្នំពេញ។ អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ Liger បានដំណើរការជាគ្រឹះស្ថានឯកជនមួយហើយបានពឹងផ្អែកលើអ្នកផ្តល់មូលនិធិតែមួយមុខប៉ុណ្ណោះ។ ដូច្នេះហើយ សិស្សានុសិស្សទាំងអស់នៅទីនេះ បានទទួលអាហារូបករណ៍គ្រប់គ្នា ចាប់តាំងពីឆ្នាំ ២០១២។ ប៉ុន្តែអ្វីជាការកត់សម្គាល់ Liger ដែលជាម្ចាស់ជំនួញបានផ្លាស់ប្តូរជាច្រើននិងជាបន្តបន្ទាប់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
ស្ថាបនិក LLA គឺលោក Trevor Gile និង លោកស្រី Agnieszka Tynkiewicz-Gile បានវិនិយោគ ១៥ លានដុល្លារទៅក្នុងសាលាហើយមានបំណងចង់យកគំរូការអប់រំជាសកល។ ស្ថាបនិកទាំងពីរក៏ត្រូវបានព្រះមហាក្សត្រព្រះរាជទានឥស្សរិយយសលំដាប់ថ្នាក់ខ្ពស់បំផុត មុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ផងដែរ។
ក្រុមហ៊ុន AUPP វិនិយោគក្នុងកម្មវិធីសិក្សា Liger មួយនេះ ខណៈដែលក្រុមហ៊ុនកំពុងវិនិយោគលើសាលារៀនចំនួន២និងសាកលវិទ្យាល័យ១រួចទៅហើយនោះ គឺក្នុងគោលបំណងបន្តវិនិយោគលើធនធានមនុស្សរយៈពេលវែងក្នុងការអភិវឌ្ឍទេពកោសល្យ និងជំនាញ ដែលអ្វីទាំងអស់នេះជួយជំរុញប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតវិជ្ជមាន។
សូមរម្លឹកថា សាកលវិទ្យាល័យ AUPP បានបង្កើតទ្បើងនៅឆ្នាំ ២០១៣ ហើយក៏ជាសាកលវិទ្យាល័យដំបូងគេនៅកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាដែលមានការទទួលស្គាល់ជាអន្តរជាតិលើគុណភាពអប់រំខ្ពស់ ស្របតាមស្តង់ដាឧត្តមសិក្សារបស់សហរដ្ឋអាមេរិក ខណដែល AUPP ផ្តល់ជូននូវកម្មវិធីសញ្ញាប័ត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក៕