សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ការវាយតម្លៃហានិភ័យគ្រោះមហន្តរាយអាកាសធាតុនៅកម្ពុជា ដោយប្រើប្រាស់សញ្ញាសិប្បនិម្មិត(AI) និងទិន្នន័យភូមិសាស្រ្ត
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រេ មហន្តរាយ (NCDM) ក្នុងភាពជាដៃគូជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ បានបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ការវាយតម្លៃហានិភ័យគ្រោះមហន្តរាយអាកាសធាតុនៅកម្ពុជា ដោយប្រើប្រាស់សញ្ញាសិប្បនិម្មិត(AI) និងទិន្នន័យភូមិសាស្រ្ត ក្រោមអធិបតីភាព ឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង តំណាង ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ក្លែរ កូណាន់( Claire Conan) នាយិកាប្រចំាប្រទេសកម្មវិធីស្បៀងអាហារពិភពលោក (WFP) ។
សិក្ខាសាលាខាងលើប្រព្រឹត្តឡើងនៅសណ្ឋាគារ SUN & MOON រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ, លោក លោកស្រី តំណាងអង្គការយូអិន អង្គការជាតិ និងអង្គការអន្តរជាតិ ,មន្ត្រីបច្ចេកទេស ជាច្រើនរូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត និងការរក ឃើញនៃរបាយការណ៍វាយតម្លៃហានិភ័យគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា។ សិក្ខាសាលានេះក៏នឹងដើរតួជា វេទិកាសម្រាប់អ្នកពាក់ព័ន្ធដើម្បីពិភាក្សាអំពីសក្តានុពលនៃការប្រើប្រាស់បច្ចេកវិទ្យា AI និង ទិន្នន័យភូមិសាស្ត្រ ក្នុងការបង្កើត និងប្រើប្រាស់ព័ត៌មានហានិភ័យគ្រោះមហន្តរាយអាកាសធាតុនៅក្នុងការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ (DRM) និងការគាំពារសង្គម (SP) នៅក្នុងប្រទេសកម្ពុជា។
ក្នុងនាម ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. ឯកឧត្តម ឃុន សុខា បានយកឱកាសនោះថ្លែងអំណរគុណចំពោះតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ ដែលបាន ចំណាយពេលដ៏មានតម្លៃ ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ ការវាយតម្លៃហានិភ័យគ្រោះមហន្តរាយអាកាសធាតុនៅកម្ពុជា ដោយប្រើប្រាស់សញ្ញាសិប្បនិម្មិត(AI) និងទិន្នន័យភូមិសាស្រ្ត ដ៏មានសារៈសំខាន់នេះ ។
ឯកឧត្តម បានបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រេ មហន្តរាយ (NCDM) ដោយភាពជាដៃគូជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានអនុម័តវិធីសាស្ត្រ ទំនើបដែលប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃសិប្បនិម្មិត (AI) និងទិន្នន័យភូមិសាស្ត្រ ដើម្បីបង្កើតព័ត៌មានហានិភ័យគ្រោះ មហន្តរាយដែលអាចធ្វើសកម្មភាពបានចុះដល់កម្រិតឃុំ ។ ដែលមានសារៈសំខាន់សម្រាប់ការធ្វើផែនការ ការរៀបចំថវិកា និងការត្រៀមលក្ខណៈដែលមានព័ត៌មាន ស្របតាមក្របខណ្ឌដូចជា ការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយ (DRR) ការព្រមានជាមុនសម្រាប់ទាំងអស់គ្នា (EW4AII) ។
ឯកឧត្តម ក៏បានធ្វើការជំរុញលើកទឹកចិត្តដល់ ភាគីពាក់ព័ន្ធទាំងអស់ គប្បីយកចិត្តទុកដាក់ចូលរួមឱ្យបានសកម្ម និងខ្លាំងក្លាក្នុងការបំពេញកាតព្វកិច្ច លើការងារគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឱ្យបានថយចុះ ក្នុងកម្រិតអប្បបរមា ទោះបីគ្រោះមហន្តរាយបង្កឡើងដោយមនុស្សក្តី ឬដោយធម្មជាតិក្តី ហើយត្រូវចាត់ទុក ការងារគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងាររបស់យើងទាំងអស់គ្នានិងសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងភាគីអ្នកពាក់ព័ន្ធ ដែលបានចូលរួមក្នុងការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទាន លើការពង្រឹងសមត្ថភាព ដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ កន្លងមក និងបច្ចុប្បន្ន។