សិក្ខាសាលា ស្តីពីការគ្រប់គ្រងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង ដែលអនុវត្តដោយអង្គភាពប្រតិបត្តិករ និងប្រតិបត្តិករជំនួយ សម្រាប់ឆ្នាំ២០២៤ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងមូលនិធិសកល
ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការ និងជានាយករងគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានផ្តល់នូវអនុសាសន៍ជូនដល់អង្គសិក្ខាសាលា ដែលមានខ្លឹមសារដូចខាងក្រោមនោះថា៖
– ត្រូវយកចិត្តទុកដាក់ ក្នុងការទទួលយកនូវចំណេះដឹងពីគោលការណ៍ នីតិវិធីថ្មីៗមួយចំនួនទៀត ដែលជាការធ្វើបច្ចុប្បន្នភាព ទៅតាមតម្រូវការ សម្រាប់ការគ្រប់គ្រង និងការអនុវត្តនៅក្នុងគម្រោង GC7 នេះ
– ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានទាន់ពេលវេលាជាចាំបាច់បំផុតលើសកម្មភាពការងារ និងថវិកាដែលបានអនុម័តនៅក្នុងផែនការឆ្នាំ២០២៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះការស្នើសុំប្រើប្រាស់ថវិកាសន្សំ ត្រូវគិតពីសកម្មភាពជាអាទិភាភាពរបស់កម្មវិធីទាំងមូល ក្នុងការពង្រីកសេវាគ្របដណ្តប់ ស្វែងរកប្រជាជនគោលដៅ និងផ្តល់ការព្យាបាល ក៏ដូចជាបន្តពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាលផងដែរ
– ស្នើដល់ក្រុមការងារ MOH-LIT និងមជ្ឈមណ្ឌលជាតិទាំងពីរ រួមជាមួយអង្គភាពប្រតិបត្តិករជំនួយ(SSIs) ទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពិនិត្យរាល់សំណើ របាយការណ៍ និងសំនួរនានារបស់ម្ចាស់ជំនួយ ក៏ដូចជាពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចាត់ចែងឱ្យបានសមស្រប និងទាន់ពេលវេលា
– ពិនិត្យ និងរៀបចំផែនការសកម្មភាពបន្ទាប់ក្នុងការស្វែងរកស្រាវជ្រាវ អ្នកជំងឺរបេង ឱ្យបានគ្រប់ផែនការ តាមរយៈការដាក់ពង្រាយម៉ាស៊ីន GeneXpert ឱ្យគ្របដណ្តប់ទូទាំងប្រទេស និងពង្រឹងការសហការណ៍ជាមួយអង្គការជាដៃគូរ ពន្ធនាគារ មន្ទីរពេទ្យឯកជន អ្នកស្ម័គ្រចិត្តសុខភាពភូមិឃុំ ដើម្បីសម្រួលដល់ដំណើរការនៃការធ្វើរោគវិនិច្ឆ័យ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់
– បន្តការធ្វើផែនការលទ្ធកម្មលើឱសថ សម្ភារនិងបរិក្ខារសុខាភិបាល ការផ្គត់ផ្គង់ បែងចែកបានត្រឹមត្រូវទៅតាមតម្រូវការ និងពេលវេលាកំណត់ រួមទាំងការងារអភិបាលកិច្ច។
សិក្ខាសាលាខាងលើនេះប្រារព្វធ្វើឡើងនៅសណ្ឋាគារខេមរាអង្គរ ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាព និងផ្តល់ការណែនាំបន្ថែមលើការអនុវត្តគម្រោងហិរញ្ញប្បទានឥតសំណងមូលនិធិសកល។