សិស្សសាលាអន្តរទ្វិបអាមេរិកាំងជាង៨០០នាក់ មកពី៣សាខាទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug

រាជធានីភ្នំពេញ ៖ ថ្ងៃទី៥-៧ ខែកុម្ភ: ឆ្នាំ២០២៥ សិស្សសាលាអន្តរទ្វិបអាមេរិកាំងថ្នាក់ទី៧ ទី៨ ចំនួន៨២៨នាក់ មកពីសាខាទួលគោក ចំការដូង និងផ្សារថ្មី ទទួលបានចំណេះដឹងពីសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ។

លោក លោកស្រីជានាយកចាងហ្វាង និងចាងហ្វាង សាខាសាលាអន្តរទ្វីបអាមេរិកកាំងទួលគោក ចំការដូង និងផ្សារថ្មី បានថ្លែងស្វាគមន៍និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់នូវបញ្ហាផ្សេងៗពាក់ព័ន្ធនឹងគ្រឿងញៀនសាលាបានរៀបចំនូវសិក្ខាសាលាស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ជូនដល់សិស្សថ្នាក់ទី៧ និងទី៨ ។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវការកោតសរសើរ ថ្លែងអំណរគុណ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរទ្វីបអាមេរិកាំងនិងគណៈគ្រប់គ្រងការិយាល័យកណ្ដាលដែលបានចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug កាត់បន្ថយហានិភ័យគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ឬស្សីអាចរឹងមាំបានលុះត្រាតែទំពាំងហ្នឹងមានសុខភាពល្អ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តថាគ្រឿងញៀននៅតែបង្កបញ្ហាស្មុគស្មាញ គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ការចូលរួមគ្រប់សកម្មភាពធ្វើយ៉ាងណាឲ្យសិស្សានុសិស្សរបស់យើងមិនទៅពាក់ព័ន្ធនិងអំពើអបាយផ្សេងៗដែលនាំទុក្ខទោសដល់ខ្លួនឯង បង្កការលំបាកដល់ក្រុមគ្រួសារ នាំបញ្ហាដល់សង្គមជាតិនោះ គឺជាសកម្មភាពមួយដែលល្អប្រពៃដែលយើងទាំងអស់គ្នាត្រូវតែនាំគ្នាចូលរួម ពួកគាត់ទាំងអស់គ្នាគឺជាអាជ្ញាធរប្រចាំគ្រួសាររបស់ពួកគាត់។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់អ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិកនិងរួមគ្នាផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug : https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា ដែលបច្ចុប្បន្នគឺApp NoDrug ទទួលបានការរាយការណ៍ជិត១០០០ករណីហើយ។