សេចក្តីសន្និដ្ឋានបឋមចំពោះហេតុការណ៍ធ្លាក់យន្តហោះ Azerbaijan Airlines ដោយសារមានសត្វបក្សីហើរបំបុក! ខណៈអ្នកជំនាញសន្មត់ថាមិនពិតទេ គឺវាបណ្តាលមកពីរុស្ស៊ីបំពាក់អាវុធប្រឆាំងយន្តហោះលើដែនអាកាស
អ្នកជំនាញអាកាសចរណ៍បាននិយាយថា ការបាញ់ការពារដែនអាកាសរុស្ស៊ីទំនងជាត្រូវទទួលខុសត្រូវចំពោះហេតុការណ៍ធ្លាក់យន្តហោះ Azerbaijani Airline នៅថ្ងៃមុននេះហើយ ដែលបានសម្លាប់មនុស្ស ៣៨នាក់ និងបានធ្វើឱ្យអ្នកនៅរស់រានមានជីវិតទាំងអស់២៩នាក់រងរបួសធ្ងន់ស្រាល។ យន្តហោះ Embraer 190 របស់ក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Airlines ដែលបានធ្វើដំណើរពីរដ្ឋធានី Baku របស់ប្រទេស Azerbaijan ទៅកាន់ទីក្រុង Grozny នៃភាគខាងជើង Caucasus កាលពីថ្ងៃពុធនោះបានបង្វែរទិសដៅភ្លាមក្រោមហេតុផលនៅតែមិនច្បាស់លាស់នៅឡើយទេ ទោះបីជាការសន្និដ្ឋានបឋមថាបណ្តាលមកពីមានសត្វស្លាបហើរបុកក៏ដោយ ដែលធ្វើឲ្យយន្តហោះនោះត្រូវបង្ខំចិត្តចុះចតនៅតំបន់ Aktau ក្នុងប្រទេស Kazakhstan យ៉ាងគំហុកដោយអាកាសយានិកមិនអាចគ្រប់គ្រងស្ថានការបាន! និងបន្ទាប់ពីបានហោះឆ្លងកាត់ទិសខាងកើតនៃសមុទ្រកាសព្យែន។ យន្តហោះ Embraer 190 បានធ្លាក់ចុះប្រហែល៣គីឡូម៉ែត្រពីទីក្រុង Aktau ។ យោងតាមរូបភាពវីដេអូយកពីទូរស័ព្ទដៃរបស់សាក្សី និងបានផ្សព្វផ្សាយតាមអ៊ីនធឺណិតបង្ហាញថាយន្តហោះនោះបានធ្លាក់ចុះយ៉ាងចោទដូចចាក់មនុស្សទាំងអស់ផ្ទុបនឹងផ្ទៃដីហើយផ្ទុះបែកជាដុំភ្លើងតែម្តង ប៉ុន្តែចំពោះអ្នករស់រានមានជីវិតគឺពិតជាសំណាងខ្លាំងណាស់។ រដ្ឋាភិបាលអាហ្សាក់បៃហ្សង់បានកាន់មរណៈទុក្ខដល់ជនរងគ្រោះដែលធ្លាក់យន្តហោះទាំងអស់ជាមួយនឹងការបង្ហូតទង់ជាតិពាក់កណ្តាលដងនៅទូទាំងចាប់ពីថ្ងៃព្រហស្បតិ៍ម្សិលមិញមក។ ចរាចរណ៍ទាំងអស់បានឈប់នៅពេលថ្ងៃត្រង់ ហើយសញ្ញាសម្លេងកាន់ទុក្ខបានបន្លឺឡើងពីកប៉ាល់ និងរថភ្លើង ខណៈដែលមនុស្សទាំងអស់រក្សាភាពស្ងប់ស្ងាត់ទូទាំងប្រទេស។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធនេះដែរ ប្រធានាធិបតីអាហ្សាក់បៃហ្សង់ លោក Ilham Aliyev បាននិយាយថា វាឆាប់ពេកហើយដែលអ្នកជំនាញប៉ាន់ប្រមាណអំពីមូលហេតុនៅពីក្រោយការធ្លាក់នោះដោយសារសត្វបក្សI និងនិយាយថាដោយសារបញ្ហាអាកាសធាតុទើបបង្ខំឱ្យយន្តហោះផ្លាស់ប្តូរពីទិសដៅដែលបានគ្រោងទុកនោះ។ ចំណែកអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ី Rosaviatsia បាននិយាយថា ព័ត៌មានបឋមបង្ហាញថា អ្នកបើកយន្តហោះបានបង្វែរទិសដៅទៅកាន់ Aktau បន្ទាប់ពីការវាយប្រហាររបស់បក្សីដែលនាំឱ្យមានការសង្គ្រោះបន្ទាន់នៅលើយន្តហោះ មិនអាចជួយបាន។ ប៉ុន្តែអ្នកជំនាញមួយចំនួនបានចោទប្រកាន់ថាប្រហោង និង រន្ធដែលគេរកឃើញនៅផ្នែកកន្ទុយរបស់យន្តហោះអាចបង្ហាញថា វាអាចឆេះចេញពីប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី មិនមែនដោយសារបក្សីទេ។ លោក Alan Diehl ជាអតីតអ្នកស៊ើបអង្កេតរបស់កងកម្លាំងដែនអាកាសអាម៉េរិកបាននិយាយថា “ការខូចខាតទ្រង់ទ្រាយដ៏ធំនៃតួយន្តហោះនេះគឺជាភស្តុតាងជាក់ស្តែងយ៉ាងច្បាស់នៅអាកាសយានដ្ឋានកាហ្សាក់ស្ថានគឺថាយន្តហោះនេះត្រូវបានវាយប្រហារដោយអាវុធប្រឆាំងយន្តហោះប្រភេទមួយចំនួនរបស់រុស្ស៊ី”។ លោកបាននិយាយទៀតថា វិធានការការពារដែនអាកាសរបស់រុស្ស៊ីក៏អាចរំខានដល់ប្រព័ន្ធរុករក និងទំនាក់ទំនងរបស់ក្រុមហ៊ុនអាកាសចរណ៍នានាផងដែរ។ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនពីមុនក៏ធ្លាប់បានវាយប្រហារនៅទីក្រុង Grozny ដែលជារដ្ឋធានីនៃសាធារណរដ្ឋ Chechnya របស់រុស្ស៊ីដែរ និងតំបន់ផ្សេងទៀតនៅក្នុងទីក្រុង Caucasus នៃភាគខាងជើងរបស់ប្រទេសនេះដែរ។ មន្ត្រីម្នាក់នៅ Chechnya បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយផ្សេងទៀត នៅក្នុងតំបន់នេះត្រូវបានរារាំងកាលពីថ្ងៃពុធដូចគ្នា បើទោះបីជាអាជ្ញាធរសហព័ន្ធមិនបានរាយការណ៍ដោយលម្អិតអំពីវាក៏ដោយ។ ចំណែកឯ Caliber ដែលជាគេហទំព័រព័ត៌មានរបស់ Azerbaijani និងមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលផងបានអះអាងថា យន្តហោះនេះត្រូវបានបាញ់ដោយប្រព័ន្ធការពារដែនអាកាសប្រភេទ Pantsyr-S របស់រុស្ស៊ីប្រាកដមែន ខណៈដែលយន្តហោះកំពុងបើកបរនោះខិតជិតទៅកៀកទីក្រុង Grozny ។ មានសំណួរជាច្រើនបានសួរថាហេតុអ្វីបានជាអាជ្ញាធររុស្ស៊ីបរាជ័យក្នុងការបិទប្រព័ន្ធដែនអាកាសខ្លួនឯង បើទោះបីជាមានការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់នោះក្តី។ លោក Khamzat Kadyrov ដែលប្រធានក្រុមប្រឹក្សាសន្តិសុខរដ្ឋ Chechnya បាននិយាយថាការការពារដែនអាកាសរបស់រុស្ស៊ីធ្លាប់បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលវាយប្រហារតំបន់នេះកាលពីថ្ងៃពុធមែន។ នៅពេលសួរថាចុះមានអ្វីអះអាងដែលថាយន្តហោះត្រូវបានបាញ់ចេញពីដែនសមត្ថកិច្ចការពារដែនអាកាសរុស្ស៊ីនោះទេ?
ស្រាប់តែអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា “វានឹងខុសគ្នាក្នុងការបង្កើតសម្មតិកម្មនានាមុនពេលដែលអ្នកស៊ើបអង្កេតបានធ្វើការវិនិច្ឆ័យជាផ្លូវការរបស់ពួកគេ” ។ ប្រធានសភារបស់ប្រទេសកាហ្សាក់ស្ថាន លោក Maulen Ashimbayev ក៏បានព្រមានប្រឆាំងទៅនឹងព័ត៌មានសន្និដ្ឋានដោយរហ័សដោយគ្រាន់តែផ្អែកលើរូបភាពនៃបំណែកយន្តហោះ និងដាក់បន្ទុកលើការបាញ់ការពារដែនអាកាសថាជាព័ត៌មានគ្មានមូលដ្ឋាន និងគ្មានសីលធម៌។ មន្ត្រីផ្សេងទៀតនៅកាហ្សាក់ស្ថាន និងអាស៊ែបៃហ្សង់ បានគេចវែសពីការអត្ថាធិប្បាយនានាជុំវិញមូលហេតុធ្លាក់យន្តហោះនេះ ដោយគ្រាន់តែនិយាយថាវាអាស្រ័យលើអ្នកជំនាញស៊ើបអង្កេតដើម្បីកំណត់វាច្បាស់។ យោងតាមមន្ត្រីកាហ្សាក់ស្ថានបានបញ្ជាក់ថាអ្នកដំណើរនៅលើយន្តហោះនោះ មានពលរដ្ឋអាហ្សាក់បៃហ្សង់ ៤២នាក់ ជនជាតិរុស្ស៊ី ១៦នាក់ កាហ្សាក់ស្ថាន៦នាក់ និងជនជាតិកៀហ្ស៊ីស៊ីស្តង់៣នាក់ ចំណែកក្រសួងសង្រ្គោះអាសន្នរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍នេះក៏បានបញ្ជូនអ្នករស់រានមានជីវិតជាជនជាតិរុស្ស៊ី៩នាក់របស់ខ្លួនទៅកាន់ទីក្រុងមូស្គូដែរដើម្បីព្យាបាលបន្ត៕
សម្រួលអត្ថបទ៖ សុផារិន្ទ