ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំកម្មវិធី រាត្រីវប្បធម៌ម៉ាឡេស៊ី រីករាយជាមួយនឹងភាពស្រស់ស្អាតនៃប្រពៃណី ចម្រៀង និងរបាំ ដើម្បីបង្កើនកិច្ចសហការរួមគ្នា ផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៍ប្រទេសទាំងពីរ

ព្រឹត្តិការណ៍ រាត្រីវប្បធម៌ម៉ាឡេស៊ី រីករាយជាមួយនឹងភាពស្រស់ស្អាតនៃប្រពៃណី ចម្រៀង និងរបាំជាកម្មវិធីផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៍ប្រទេសទាំងពីរ ត្រូវបានរៀបចំឡើងដោយ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្នុងគោលបំណងចែករំលែក និងបង្ហាញពីទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងប្រជាជនម៉ាឡេស៊ី ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូត  ម៉ាឡេស៊ីប្រចាំកម្ពុជា។

ពិធីនេះ ក៍មានការអញ្ជើញជាអធិបតី លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ព្រមទាំង សមាជិកនៃអង្គភាពការទូត ភ្ញៀវទេសចរំ៍ជាតិ-អន្តរជាតិ ដែលជាឱកាសក្នុងការបង្ហាញនូវវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ហើយក៏ជាឱកាសក្នុងការទាក់ទាញ និងជំរុញភ្ញៀវទេសចរណ៍បរទេសឲ្យងាកចាប់អារម្មណ៍មកលើសក្ដានុពលទេសចរណ៍នៅប្រទេសកម្ពុជា តាមរយៈកម្មវិធីនេះផងដែរ។

ឯកឧត្តម ឲ្យដឹងទៀតថា កម្មវិធីនេះ ពិតជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ស៊ីជម្រៅ និងយូរអង្វែងរវាងកម្ពុជា និងម៉ាឡេស៊ី ដែលចំណងការទូតផ្លូវការត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1957 ហើយចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរ បានរីករាយនឹងសេដ្ឋកិច្ច នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌។ តាមប្រវត្តិសាស្ត្រ តាំងពីបុរាណកាលមក អរិយធម៌ខ្មែរ និងម៉ាឡេស៊ី មានទំនាក់ទំនងគ្នាទៅវិញទៅមក តាមរយៈពាណិជ្ជកម្ម សាសនា និងសិល្បៈ។ ទំនាក់ទំនងរួមគ្នាទាំងនេះ បានធ្វើឱ្យមានទិដ្ឋភាពវប្បធម៌ របស់ប្រទេសទាំងពីរ ហើយអនុញ្ញាតឱ្យប្រជាជាតិយល់ និងដឹងគុណគ្នាទៅវិញទៅមក។

លោកជំទាវ ភឿង សកុណា មានប្រសាសន៍ថា កិច្ចសហការ រវាងសិល្បករម៉ាឡេស៊ី និងសិល្បករ មកពីនាយកដ្ឋានសិល្បៈសម្តែងរបស់កម្ពុជា គឺជានិមិត្តរូបនៃអត្តសញ្ញាណវប្បធម៌ដ៏រស់រវើកនៃប្រទេសរៀងៗខ្លួន ហើយថែមទាំង គូសបញ្ជាក់ពីរបៀបដែលវប្បធម៌ និងសិល្បៈ ឆ្លងកាត់ព្រំដែន លើកកម្ពស់ការរួបរួមជាមួយតំបន់។ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នឹងកាន់តែប្រសើរ និងរីកចម្រើនរឹងមាំបន្ថែមទៀត។

លោកជំទាវ បញ្ជាក់ដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ប្តេជ្ញាគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ី ក្នុងការបន្តការងារពង្រឹងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិតអាស៊ាន ដើម្បីការពារភាពចម្រុះវប្បធម៌របស់អាស៊ាន និងលើកកម្ពស់អត្តសញ្ញាណ អត្ថន័យ និងតម្លៃអាស៊ាន ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។ ជាពិសេស កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញនូវស្មារតីគាំទ្រក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌ប្រទេសទាំងពីរ ហើយកម្ពុជាបានចាត់ទុកប្រទេសម៉ាឡេស៊ី ជាមិត្តល្អ តាំងពីអតីកាល។

សូមបញ្ជាក់ដែលថា ពិធីនេះមាន ការសម្តែងរបាំបុរាណ ខ្មែរ រួមមាន របាំព្រះរាជទ្រព្យ, របាំទេពអប្សរា, របាំជូនពរ បាចផ្កា, -ដោយឡែក របាំបុរាណ ម៉ាឡេស៊ី រួមមាន យើងរាំសម្រាប់ការសើច, យើងរាំដើម្បីទឹកភ្នែក, យើងរាំសម្រាប់ឆ្កួត, យើងរាំសម្រាប់ការភ័យខ្លាច, យើងរាំដើម្បីក្តីសង្ឃឹម, យើងរាំសម្រាប់ការស្រែក, យើងជាអ្នករាំ, យើងបង្កើតក្តីសុបិន្ត។ ប្រទេសម៉ាឡេស៊ី ជាមួយនឹងប្រជាជនចម្រុះជាតិសាសន៍ ពហុវប្បធម៍ និងពហុសាសនា មានលក្ខណៈធម្មជាតិ និងសម្បូរបែបនៅក្នុងបេតិកភណ្ឌប្រពៃណី ជាការឆ្លុះបញ្ចាំងពី អត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្រ្តនៃប្រជាជនរបស់ខ្លួន។