ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ប្រារព្ធទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC)

ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ប្រារព្ធទិវាសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC) នៅសណ្ឋាគារ Raffles Hotel Le Royal ។ ពិធីនេះមានការចូលរួមពីឯកឧត្តម ប៉ុល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ  អតីតនិស្សិត ITEC ល្បីៗជាង ១២០នាក់ដែលជាមន្រ្តីជាន់ខ្ពស់ មកពីក្រសួងនានាក្នុងប្រទេសកម្ពុជា ក្នុងនោះដូចជា ឯកឧត្តម ស្រ៊ី ថាមរុង្គ ទេសរដ្ឋមន្ត្រី ឯកឧត្តម បណ្ឌិត សៅ ជីវ័ន រដ្ឋលេខាធិការ និងជាប្រធានសមាគមអតីតនិស្សិតឥណ្ឌាកម្ពុជា, ឯកឧត្តម បណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ចាន់ សូរី រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងឥស្សរជន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀត។

ថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកជំទាវវេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃប្រទេសឥណ្ឌា មានប្រសាសន៍ថា គោលនយោបាយការបរទេសរបស់ឥណ្ឌា គឺផ្អែកលើទស្សនវិជ្ជារបស់ខ្លួននៅក្នុង ‘Vasudhaiva Kutumbakam’ ដែលមានន័យថាពិភពលោកគឺជាគ្រួសារតែមួយ ។ហើយនៅលើផ្លូវនេះ ប្រទេសឥណ្ឌាចែករំលែកចំណេះដឹង និង ជំនាញជាមួយពិភពលោក។ 

ចាប់តាំងពីឆ្នាំ 1981 មក មន្រ្តីរាជការជាង 2720 នាក់ ដែលធ្វើការនៅក្នុងក្រសួង នាយកដ្ឋាន ស្ថាប័ន ស្វយ័តនានា ដូចជា ធនាគារជាតិនៃកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាជ្ញាធរជាតិកំចាត់មីនកម្ពុជា បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងចំណោមអ្នកផ្សេងទៀតបានទទួលអត្ថប្រយោជន៍ពី កម្មវិធី បណ្តុះបណ្តាលក្នុងវិស័យរៀងៗខ្លួននៃការងាររបស់ពួកគេ។ ឆ្នាំនេះ ឥណ្ឌាបានផ្តល់វគ្គខ្លីចំនួន៣០០កន្លែងសម្រាប់កម្ពុជាផងដែរ។

លោកជំទាវបន្ថែមថា ដោយមើលឃើញពីការវាយតម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នៃកម្មវិធី ITEC ចំពោះតួនាទីរបស់ខ្លួនក្នុងការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្ថានទូតឥណ្ឌានៅ រាជធានីភ្នំពេញក៏បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសតាមការស្នើសុំពីក្រសួងនានារបស់រាជរដ្ឋាភិបាលកម្ពុជា។ វគ្គបណ្តុះបណ្តាលពិសេសចំនួន35 ត្រូវរៀបចំជាពិសេសសម្រាប់មន្រ្តីដែលមានសមាសភាពចាប់ពី15-20 និង 40 នាក់ ដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាដើម្បីចូលរួមវគ្គបណ្តុះបណ្តាលដោយផ្ទាល់។ ក្រុមដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ រួមមាន មន្ត្រីក្រសួងយុត្តិធម៌ចំនួន ៤០នាក់ និងមន្ត្រីសរុបចំនួន ១៦០នាក់ដែលបានទទួលវគ្គបណ្តុះបណ្តាលស្តីពី គោលនយោបាយ និងអភិបាលកិច្ចសាធារណៈពីក្រសួងផ្សេងៗគ្នា ដូចជាក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអធិការកិច្ច ក្រសួងធម្មការ និងសាសនា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងកិច្ចការនារី ជាដើម។

ឯកឧត្តម ប៉ុល ពីឌូ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ មានប្រសាសន៍ថា កម្ពុជា និងឥណ្ឌា មានទំនាក់ទំនងវប្បធម៌យ៉ាងជិតស្និទ្ធ។ ភាសាខ្មែរ សាសនា – ព្រះពុទ្ធសាសនា និង ទិដ្ឋភាពជាច្រើននៃទំនៀមទម្លាប់ខ្មែរ មានឫសគល់ចេញពីប្រទេសឥណ្ឌា។ កម្មវិធី ITEC មិនត្រឹមតែបាន ជួយដល់ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ពង្រឹងស្មារតីនៃសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងឥណ្ឌាផងដែរ។