ស្ថានឯកអគ្គរាជទូតកម្ពុជា រៀបចំការសម្តែងសិល្បៈបុរាណខ្មែរ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នៅសាលមហោស្រព Akasaka Civic Centre នៅទីក្រុងតូក្យូ

ដោយមានការសហការជាមួយសាលាក្រុងមីណាតុ នាទីក្រុងតូក្យូ នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៧ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅសាលមហោស្រព Akasaka Civic Centre ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងការចូលរួមថ្លែងសុន្ទរកថាដោយ ឯកឧត្តម KIUCHI Minoru រដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ចជប៉ុន និងជាអគ្គលេខាធិការនៃសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា និងលោក Takeo Hoshikawa តំណាងសាលាក្រុងមីណាតុ។ កម្មវិធីខាងលើមានការអញ្ជើញចូលរួមទស្សនាពីសំណាក់តំណាងស្ថានទូតនានាប្រចាំប្រទេសជប៉ុន ក្រសួង-ស្ថាប័នជប៉ុន ក្រុមហ៊ុនជប៉ុន សាធារណជនជប៉ុន និងបងប្អូនខ្មែរជាច្រើនកុះករ សរុបប្រមាណ ៣០០នាក់។
នៅក្នុងឱកាសនោះ ដើម្បីចូលរួមអបអរសាទរ និងលើកស្ទួយវប្បធម៌ជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជា មានការបង្ហាញនូវរបាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ ឈុតឆាកក្នុងរឿងរាមកេរ្តិ៍ ការបង្ហាញម៉ូតសម្លៀកបំពាក់ និងល្ខោនស្បែកធំ ដោយមានការចូលរួមសម្តែងដោយសិល្បករមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា សហគមន៍ខ្មែរនៅជប៉ុន សមាគមនិស្សិតខ្មែរនៅជប៉ុន និងជនជាតិជប៉ុនដែលស្រលាញ់វប្បធម៌ខ្មែរ។ ទន្ទឹមនឹងនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏មានការតាំងបង្ហាញនូវស្នាដៃសិល្បៈបុរាណខ្មែរជាច្រើន ដូចជា រូបចម្លាក់ គំនូរ គ្រឿងធ្វើអំពីឈើ ស្ពាន់ និងថ្ម ជាដើម ព្រមទាំងដាក់តាំងបង្ហាញនូវផលិតផលខ្មែរជាច្រើនផ្សេងទៀត។
ស្ថានឯកអគ្គរាជទូតកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភ្ញៀវជាតិ មិត្តជប៉ុន និងភ្ញៀវស្ថានទូតនានា ដែលបានចូលរួមក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិលើកទី ២៧ ខាងលើ ក៏ដូចជា ចំពោះយុវជន យុវនារី និងកុមារា កុមារី ជាអ្នកសំដែងរបាំ រួមទាំងអ្នកសំដែងរបាំជាជនជាតិជប៉ុន និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានញ៉ាំងឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ការលះបង់របស់យើងទាំងអស់គ្នាក្នុងការអភិរក្ស និងលើកស្ទួយវប្បធម៌ខ្មែរពិតជាមានតម្លៃពុំអាចកាត់ថ្លៃបាន៕