ហេតុការណ៍ឆេះផ្ទុះហ្គាសនៅកោះតៃវ៉ាន់ បណ្តាលឲ្យសមាជិកគ្រួសារ៣នាក់ស្លាប់ ក្នុងចំណោម៧នាក់ដែលមកទេសចរណ៍កំសាន្ត ខណៈអ្នកផ្សេងទៀតរងរបួសជិត១០នាក់

អាជ្ញាធរពន្លត់អគ្គិភ័យបាននិយាយនៅរសៀលនេះថា ករណីផ្ទុះហ្គាសនៅហាងទំនិញមួយនៅកោះតៃវ៉ាន់បានសម្លាប់មនុស្ស៤នាក់ភ្លាមៗ និងបានបណ្តាលឲ្យមនុស្សជិត១០នាក់រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ការិយាល័យពន្លត់អគ្គីភ័យ Taichung (តៃជុង) បាននិយាយថាករណីផ្ទុះឆេះនេះបាន កើតឡើងនៅទីធ្លាអាហារនៃអាគារអាផាតមិនជាន់ទី១២មួយកន្លែង នៃហាងលក់ទំនិញ Shin Kong Mitsukoshi ក្នុងទីក្រុង Taichung នៃកោះតៃវ៉ាន់។ ចំណែកការិយាល័យទេសចរណ៍របស់ទីក្រុងម៉ាកាវបានបញ្ជាក់បន្ថែមថា ក្នុងចំណោមអ្នកស្លាប់ទាំងនោះគឺមានពីរនាក់ជាភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្តនៅតៃវ៉ាន់ដោយធ្វើដំណើរមកពីម៉ាកាវ ខណៈដែលអ្នកទី៣បានរងរបួសធ្ងន់ធ្ងរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាពួកគេជាផ្នែកមួយនៃគ្រួសារដែលមានសមាជិក៧នាក់ដែលទៅលេងទីនោះសម្រាប់ដំណើរទេសចរណ៍លក្ខណៈគ្រួសារ។ រថយន្តពន្លត់អគ្គីភ័យរាប់សិបគ្រឿង ត្រូវបានដាក់ពង្រាយដល់កន្លែងកើតហេតុនៅម៉ោង ប្រហែលជា ១១ និង៣០នាទីព្រឹក (ម៉ោងនៅតៃវ៉ាន់) ចំណែកផ្នែកខាងក្រៅនៃអគារបាន ខូចខាតជាដំណំ និងបំណែកកញ្ចក់អាគារខ្ចាត់ខ្ចាយខ្ទាតរាយប៉ាយនៅតាមដងផ្លូវ នៅខាងក្រោម។ អភិបាលក្រុង Taichung លោក Lu Shiow-yen បាននិយាយថា ការិយាល័យអគ្គិភ័យនឹងផ្តោតលើប្រតិបត្តិការជួយសង្គ្រោះជាមុន ប៉ុន្តែការស៊ើបអង្កេតក៏កំពុងដំណើរការដែរ ស្របពេលដែលមន្រ្តីកំពុងពិនិត្យមើលថា តើវាមានប្រភពគ្រោះថ្នាក់អ្វីផ្សេងទៀតដែរឬទេ។ មកដល់នាទីនេះប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បាននិយាយថា លោកបានស្នើឱ្យភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ទាំងអស់ត្រូវតែបើកការស៊ើបអង្កេតរកមូលហេតុនៃឧបទ្ទវហេតុនេះឲ្យឃើញ៕
សម្រួលអត្ថបទ៖ សុផារិន្ទ