ហេតុការណ៍រអិលបាក់ដីដោយសារភ្លៀងធ្លាក់ខ្លាំងនៅកោះស៊ូម៉ាត្រាបានបន្តសម្លាប់មនុស្សបន្ថែម៧នាក់ទៀត និងច្រើននាក់នៅតែបាត់ខ្លួន

ក្រុមមន្ត្រីបាននិយាយថាក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ីបានរកឃើញសពយ៉ាងហោចណាស់២០នាក់ហើយកំពុងស្វែងរកអ្នកភូមិ២នាក់បន្ថែមទៀតដែលនៅតែបាត់ខ្លួនបន្ទាប់ពីទឹកជំនន់ភ្លាមៗនៅលើកោះស៊ូម៉ាត្រា បណ្តាលឱ្យមានភក់និងថ្មបាក់ធ្លាក់ពីលើភ្នំ។ ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍មុននៅតែបណ្តាលឱ្យទឹកទន្លេហូរបាក់ច្រាំងទន្លេនៅក្នុងស្រុកភ្នំចំនួន៤ ក្នុងខេត្តស៊ូម៉ាត្រាខាងជើង ដោយបានជន់លិចផ្ទះសម្បែង និងបំផ្លាញកសិដ្ឋានប្រជាជពលរដ្ឋ។ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិលោក Abdul Muhari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសពចំនួន៤នាក់ទៀតត្រូវបានគេរកឃើញហើយកាលល្ងាចថ្ងៃចន្ទនៅក្នុងទីក្រុង Karo Regency ដែលនាំឱ្យចំនួនសពសរុបនៅទីនោះកើនឡើងដល់១០នាក់ដែរ។ ទឹកជំនន់ភ្លាមៗក៏បានបណ្តាលឱ្យមនុស្ស ៤នាក់ផ្សេងទៀតស្លាប់នៅក្នុងស្រុក Deli Serdang ហើយក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្ស២នាក់បន្ថែមដោយសារទឹកហូរនាំទៅ។ មុននេះដែរ ក្រុមអ្នកជួយសង្គ្រោះក៏បានរកឃើញសព២នាក់នៅក្នុងភូមិមួយក្នុងស្រុក Tapanuli ភាគខាងត្បូង និងសមាជិក៤នាក់នៃគ្រួសារមួយដែលរួមមានទាំងកុមារ២នាក់ដែរនៅក្នុងភូមិ Harang Julu ដែលជាអ្នកភូមិភ្នំ ស្ថិតក្នុងស្រុក Padang Lawas ។ ភ្លៀងធ្លាក់តាមរដូវកាលនោះកោះសូម៉ាត្រាចាប់ពីខែតុលាដល់ខែមីនា និងជារឿយៗតែងតែបណ្តាលឱ្យមានទឹកជំនន់ និងហេតុការណ៍រអិលបាក់ដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាតំបន់ប្រជុំកោះចំនួន១៧០០០កោះ និងមានមនុស្សរាប់លាននាក់រស់នៅក្នុងតំបន់ជួរភ្នំ ឬនៅជិតតំបន់ទំនាបដែលតែងតែមានទឹកជំនន់និងតែងតែផ្តល់ជីជាតិសម្រាប់វិស័យកសិកម្មរបស់ពួកគេដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ