ហ៊ានធ្វើហ៊ានទទួល! ច្បាប់អាជ្ញាសឹកលោក Yoon Suk Yeol មានរយៈពេល៦ម៉ោងក្រោយសមាជិកសភាបោះឆ្នោតទម្លាក់មុនថ្ងៃរះ បានជម្រុញឲ្យរដ្ឋមន្រ្តីការពារជាតិលាលែងពីតំណែង
ក្រោយពីរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងផ្ញើសេចក្តីថ្លែងការណ៍សុំទោសហើយ ថ្ងៃនេះអ្នកនាំពាក្យក្រសួងការពារជាតិក៏បានចេញមកសុំទោសនៅក្នុងសន្និសីទសារព័ត៌មានជុំវិញការចូលរួមសេចក្តីប្រកាសច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារនេះដែល “បង្កទៅជាក្តីបារម្ភខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេស” ។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Jeon Ha-gyu បាននិយាយពីទីក្រុងសេអ៊ូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា យោធាកូរ៉េនឹងបន្តផ្តោតលើបេសកកម្មចម្បងរបស់ខ្លួនដើម្បី “ការពារសន្តិសុខជាតិ និងអាយុជីវិតប្រជាជនកូរ៉េរបស់ខ្លួន”។ ការប្រកាសច្បាប់អាជ្ញាសឹកសម្រាប់គ្រាអាសន្នរបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីយប់ថ្ងៃអង្គារត្រូវបានអមដោយការសន្យាដើម្បីលុបបំបាត់ដែរ “អ្នកនយោបាយដែលមានចេតនាដើរតាមប្រទេសកូរ៉េខាងជើង គឺជាបុគ្គលដែលមិនចេះអៀនខ្មាស់ រួមជាមួយនឹងកងកម្លាំងប្រឆាំងរដ្ឋដោយចៃដន្យ” ។ ការប្រយុទ្ធគ្នាខាងនយោបាយរបស់លោក Yoon ជាមួយគណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដ៏សំខាន់មិនត្រូវបានគេមើលឃើញថាជាគ្រាអាសន្នរហូតដល់ថ្នាក់ឲ្យប្រើប្រាស់ច្បាប់អាជ្ញាសឹកដ៏កម្រក្នុងប្រទេសដើម្បីអន្តរាគមន៍ដោយយោធានោះទេ។
អ្នកជំនាញបានចោទសួរថា ហេតុអ្វីបានជាលោក Yoon មានចេតនាជំរុញសេចក្តីប្រកាសច្បាប់នេះទៅវិញ បើទោះជាសភាពិតជានឹងបោះឆ្នោតទម្លាក់លោកក៏ដោយ ក៏លោកមិនទាន់អស់ផ្លូវដល់ថ្នាក់ប្រើច្បាប់នេះទេ។ ម្សិលមិញនេះប្រធានាធិបតីកូរ៉េខាងត្បូងក៏បានទទួលយកការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិរបស់លោកដែរ ខណៈដែលគណបក្សប្រឆាំងបានផ្លាស់ប្តូរមកចោទប្រកាន់បុរសទាំងពីរជុំវិញការដាក់ច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើលដែលនាំកងទ័ពប្រដាប់អាវុធក្នុងប្រទេសសម្រុកចូលទៅក្នុងដងផ្លូវនានាក្នុងទីក្រុងសេអ៊ូល។ គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ និងមានគណបក្សប្រឆាំងតូចៗផ្សេងទៀត បានដាក់ញត្តិរួមគ្នាមួយ ដើម្បីចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃពុធម្សិលមិញនេះ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីយប់ថ្ងៃអង្គារថាជាបុគ្គល មិនបានគិតវែងឆ្ងាយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយច្បាប់អាជ្ញាសឹកកាលពីយប់ថ្ងៃអង្គារនោះមានរយៈពេលប្រហែលជា៦ម៉ោង ខណៈដែលរដ្ឋសភាបានបោះឆ្នោតយ៉ាងរហ័សដើម្បីគ្រប់គ្រងលើប្រធានាធិបតីវិញ ដោយបង្ខំឱ្យគណៈរដ្ឋមន្ត្រីរបស់លោកដកវាចេញឲ្យបានមុនថ្ងៃរះកាលពីថ្ងៃពុធនោះដែរ៕
សម្រួលអត្ថបទ៖សុផារិន្ទ