អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ពិភាក្សារៀបចំផលិត និងផ្សាយផ្ទាល់ព្រឹត្តិការណ៍ជាតិសំខាន់ៗចំនួន២ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ ដែលនឹងត្រូវអនុវត្តនៅថ្ងៃខាងមុខ មានដូចជាពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២៤ និងព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់ក្រុមការងារព័ត៌មាន បច្ចេកទេស និងក្រុមការងារពាក់ព័ន្ធទាំងអស់ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ ឲ្យបង្កើនការយកចិត្តទុកដាក់ និងដោះស្រាយអំពីបញ្ហាប្រឈមចំពោះមុខ ដើម្បីធ្វើឲ្យការប្រព្រឹត្តទៅនូវការផ្សាយផ្ទាល់នេះប្រកបដោយភាពជោគជ័យ។ឯកឧត្តម អគ្គនាយក បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួន ក្នុងការផ្លាស់ប្តូរ និងកែប្រែមុខមាត់ថ្មី សំដៅធ្វើយ៉ាងណាឲ្យការផ្សាយផ្ទាល់ព្រឹត្តិការណ៍សំខាន់ៗទាំង២ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឲ្យទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ឯកឧត្តម បានមានប្រសាសន៍ថា ក្នុងនាមជាសេនាធិការក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា មានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនូវព្រឹត្តការណ៍ជាតិ និងអន្តរជាតិ ជូនសាធារណជនទស្សនា និងទទួលបានខ្លឹមសារ រូបភាពព័ត៌មានបានគ្រប់ជ្រុងជ្រោយ។ ក្នុងរយៈពេលថ្មីៗនេះ ទូរទស្សន៍ជាតិកម្ពុជា បានសម្រេចជោគជ័យក្នុងការផ្សាយផ្ទាល់នូវព្រឹត្តការណ៍ជាតិ និងព្រឹត្តការណ៍សំខាន់ៗ ដូចជា ព្រះរាជពិធីបុណ្យយាងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់២០ព្រះវស្សានៃព្រះករុណាព្រះមហាក្សត្រ, ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២, និងពិធីដង្ហែអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរទៅកាន់វត្តពោធិគិរីវង្សារាម ព្រមទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិក្នុងរយៈពេលកន្លងមកជាច្រើនទៀត៕