អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) គឺជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិ ចំណុះឲ្យក្រសួងព័ត៌មាន ដែលមានតួនាទីជាអ្នកពាំនាំសារដ៏សំខាន់ពីរាជរដ្ឋាភិបាលជូនទៅ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅគ្រប់ទិសទី ទាំងក្នុង និង ក្រៅប្រទេស និងនាំត្រឡប់ទៅវិញនូវសាររបស់ប្រជាពលរដ្ឋជូនដល់រាជរដ្ឋាភិបាល,
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) គឺជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាតិ ចំណុះឲ្យក្រសួងព័ត៌មាន ដែលមានតួនាទីជាអ្នកពាំនាំសារដ៏សំខាន់ពីរាជរដ្ឋាភិបាលជូនទៅ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅគ្រប់ទិសទី ទាំងក្នុង និង ក្រៅប្រទេស និងនាំត្រឡប់ទៅវិញនូវសាររបស់ប្រជាពលរដ្ឋជូនដល់រាជរដ្ឋាភិបាល,
តូនាទីដ៏សំខាន់របស់ទូរទស្សន៍ជាតិកម្ពុជា ត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតអោយស្របតាមការវិវឌ្ឍរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន និងសោតទស្សន៍នាពេលបច្ចុប្បន្ន តាមរយៈការចូលរួមផ្តល់នូវអនុសាសន៍សំខាន់ៗពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលមានបទពិសោធន៍យ៉ាងជ្រាលជ្រៅ ដើម្បីធ្វើយ៉ាងអោយប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ ដូចជាវិទ្យុ និងទូរទស្សន៍នេះ ធ្វើយ៉ាងណារត់អោយទាន់ប្រពន្ធ័ផ្សព្វផ្សាយទំនើបដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។
សកម្មភាពការងារ និងការចូលរួមផ្តល់អនុសាសន៍ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ក្រោមវត្តមានអញ្ជើញជាអធិបតីភាព ឯកឧត្តម កឹម គុណវឌ្ឍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ។
ក្នុងឱកាសនៃអង្គសន្និបាតនេះដែរ ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម រស់ ថាន់សន និង
លោកជំទាវ សន ម៉ារ៉ាដា រដ្ឋលេខាធិការរដ្ឋលេខាធិការក្រសួងព័ត៌មាន បានចូលរួមផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ហើយក៏ពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក ជាមួយការចែករំលែកបទពិសោធល្អៗ ដើម្បីរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា ហើយដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្ត សំដៅធ្វើអោយដំណើរការងាររបស់ទូរទស្សន៍ជាតិកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីជាការរួមចំណែកលើកកម្ពស់
វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានធ្វើរបាយការណ៍ជម្រាបជូនថា អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានទទួលជោគជ័យធំៗក្នុងការផ្សព្វផ្សាយរាល់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ សំខាន់ៗ។ ដោយបានបង្កើនការផលិតព័ត៌មានជាច្រើន ទាំងព័ត៌មានជាតិ និងអន្តរជាតិ មានជា ភាសាខ្មែរ ភាសាបរទេស (អង់គ្លេស និងបារាំង) ក្នុងនោះរួមមានព័ត៌មានព្រះរាជសកម្មភាព ព្រះករុណាព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព័ត៌មានព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ តាមបណ្តាក្រសួងស្ថាប័ន តាមបណ្តារាជធានីខេត្តទាំង ២៥ បានយ៉ាងទូលំទូលាយដោយពុំមានខកខាន និងរាំងស្ទះឡើយ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍ និងបុណ្យជាតិ អន្តរជាតិសំខាន់ៗ ត្រូវបាន ទទក ផ្សាយផ្ទាល់ផលិតព័ត៌មាន បទយកការណ៍ កិច្ចពិភាក្សាតុមូល និងសម្រង់មតិមហាជនជាដើម ។
ឯកឧត្តម កឹម គុណវឌ្ឍ ថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលការងារទាំងឡាយដែលថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសម្រេចអនុវត្តន៍បានក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ហើយជាទិសដៅទៅមុខគឺបានបង្ហាញនូវសកម្មភាព និងផែនការនានាជាច្រើនដើម្បីធ្វើការកែទម្រង់ និងអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរបស់ទូរទស្សន៍កម្ពុជាកាន់តែទំនើបបន្ថែមទៀត ។ ឯកឧត្តម រដ្ឋលេខាធិការបានជម្រុញលើកទឹកចិត្តអោយមន្ត្រីនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បន្តពង្រឹងសមត្ថភាព គ្រប់ផ្នែកគ្រប់ជំនាញ ដើម្បីរត់អោយទាន់នៃការរីក ចម្រើនបច្ចេកវិទ្យាព័ត៌មាន ពិសេសធ្វើយ៉ាងណាអោយប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ កាន់តែមានរឹងមាំ ហើយក៏ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាពដើម្បីបម្រើឱ្យអ្នកទស្សនា អាន របស់ខ្លួន តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព ។ កាលពីអតីតកាល ប្រព័ន្ធផ្សព្វផ្សាយបុរណ ( វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី បានដើរតួនាទីសំខាន់ក្នុងការបញ្ជ្រាបព័ត៌មានជូនសាធារណៈ ហើយប្រព័ន្ធផ្សព្វផ្សាយជាអ្នកកំណត់ខ្លឹមសារដល់អ្នកទស្សនានិងអ្នកស្តាប់របស់ខ្លួន ប៉ុន្តែក្នុងពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ និងពលរដ្ឋមានសេរីភាពពេញលេញក្នុងការបង្កើតខ្លឹមសារ និងស្វែងរកខ្លឹមសារសម្រាប់ខ្លួនឯង នោះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់លើខ្លឹមសារដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។
ដូច្នេះប្រពន្ធ័ផ្សព្វផ្សាយបុរាណ ត្រូវពង្រឹងគុណភាពនៃការផលិតកម្មវិធីព័ត៌មាននិងកម្មវិធីកម្សាន្តផ្សេងៗដែលបម្រើផលប្រយោជន៍នៃការយល់ដឹងនិងកម្សាន្តប្រកបដោយក្រមសីលធម៌ជូនដល់ប្រជាពលរដ្ឋ។ ពេលនេះ ឆ្នាំ២០២៤ ជិតកន្លងផុតទៅហើយ និងកៀកឈានចូលឆ្នាំ២០២៥ ដែលជាឆ្នាំបន្តការ អនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ប្រព័ន្ធផ្សព្វផ្សាយជាតិ ត្រូវបានថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលបន្តការគាំទ្រ និងផ្តល់អាទិភាពក្នុងការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា និងទៅកាន់អន្តរជាតិ ជាពិសេសក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្រ្តា បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ក្នុងការកែទម្រង់ស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ក្នុងការផ្សព្វផ្សាយព័ត៌មាន ថ្មី ពិត លឿន និងទូលំទូលាយ ដើរស្របនិងគាំទ្រដល់ យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
បច្ចុប្បន្ន ទូរទស្សន៍ជាតិកម្ពុជា សម្រេចបានជោគជ័យនូវការងារជាប្រវត្តិសាស្រ្តជាច្រើនក្នុងការងារផ្សព្វផ្សាយជូន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះមហាក្សត្រីយានី ថ្នាក់ដឹកនាំជាតិសំខាន់ៗ និងបម្រើដល់ការផ្សព្វផ្សាយនូវព្រឹត្តិការណ៍ធំៗនៅក្នុងប្រទេស និងបេសកកម្មក្រៅប្រទេសផងដែរ។ ទន្ទឹមនឹងនេះ ទូរទស្សន៍ជាតិកម្ពុជាក៏បានផលិត និងផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃតាមគ្រប់មធ្យោបាយផ្សព្វផ្សាយទាំងនៅលើទូរទស្សន៍ និងបណ្តាញសង្គម ទាំងរូបភាព វីដេអូ និងខ្លឹមសារ ជាដំណើរឆ្ពោះទៅការផ្សព្វផ្សាយបែបឌីជីថល ៕
អត្ថបទ-រូបភាព៖ ឌី ណារិន