អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធ្វើទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើប ក្នុងការយកស្ទីមស៊ែល ( Stem Cell) ដើម្បីព្យាបាលជំងឺផ្សេងៗ នៅទីស្នាក់ការកណ្តាលរបស់មន្ទីពេទ្យ Cell Life Bank ប្រទេសចិន,
តបតាមការអញ្ជើញរបស់មន្ទីពេទ្យ CELL LIFE BANK នៅទីក្រុងក្វាងចូវ ប្រទេសចិន, នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើប ក្នុងការយកស្ទីមស៊ែល ( Stem Cell) ដើម្បីព្យាបាលជំងឺផ្សេងៗ មានមហារីក ,ស្ត្រីពិបាកយកបុត្រ, ភ្នែកស្រវាំង, ជំងឺស្ទះសរសៃឈាម (Stroke) ជាដើម និងថែរក្សាសម្ផស្ស នៅទីស្នាក់ការកណ្តាលរបស់មន្ទីពេទ្យ Cell Life Bank ។
តាមការអោយដឹងត្រួសៗ ពីតំណាងមន្ទីពេទ្យ បានអោយដឹងថា មន្ទីពេទ្យ បានចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ ១៩៥៦ ហើយក្រោយមកមន្ទីពេទ្យ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវធំៗ នៅសហរដ្ឋអាមេរិក ដើម្បីសិក្សាលើការបង្កើត និងស្រាវជ្រាវ លើការយកសំណាក ស្ទីមស៊ែល (Stem Cell) របស់មនុស្ស មកព្យាបាលលើអ្នកជំងឺ។ ជាក់ស្តែង មានអ្នកជំងឺប្រមាណជាង ១០ម៉ឺន ករណី ត្រូវបានទទួលការព្យាបាលដោយជោគជ័យ តាមរយៈការចាក់ ស្ទីមស៊ែល (Stem Cell) នេះ។
យកឱកាសនេះ, ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានធ្វើការអញ្ជើញ ភាគីខាងមន្ទីពេទ្យ ដោយសហការជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។