អគ្គលេខាធិការ UN លោក Antonio Guterres ចូលរួមកិច្ចប្រជុំកំពូល BRICS Plus នៅរុស្ស៊ីដោយកន្លងទៅលោកតែងតែរិះគន់រុស្ស៊ីម្តងហើយ ម្តងទៀតចំពោះភ្លើងសង្រ្គាមនៅអ៊ុយក្រែន
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឱ្យបន្តរស្តារសុខសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា និងលើទឹកដីអ៊ុយក្រែន នៅពេលដែលរូបលោកមានប្រសាសន៍ថ្លែងពាក្យគន្លឹះទៅកាន់មេដឹកនាំ និងមន្ត្រីកំពូលនានានៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល BRICS ពីប្រទេសរុស្ស៊ី។ នេះជាអ្វីដែលលោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានចូលរួមកិច្ចប្រជុំដែលគេឲ្យឈ្មោះថា BRICS Plus ដែលរួមមានប្រទេសដែលកំពុងពិចារណាចូលរួមប្លុកនេះផងដែរ ដោយលោក Guterres បានជំរុញឱ្យបញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់នៅហ្គាហ្សា លីបង់ អ៊ុយក្រែន និងស៊ូដង់។ លោកបាននិយាយទៀតថា “យើងត្រូវការសន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដែលជាសន្តិភាពត្រឹមត្រូវស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិដែរ។ អំឡុងសុន្ទរកថារបស់លោក Guterres នាពេលនោះ លោកក៏បានទទួលការស្វាគមន៍ចំពោះ “ការប្តេជ្ញាចិត្ត និងការគាំទ្រដ៏មានតម្លៃនៃប្លុកនេះសម្រាប់ពហុភាគីនិយម និងការដោះស្រាយបញ្ហាអន្តររដ្ឋាភិបាល” ។ កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃនៅទីក្រុង Kazan បានគ្របដណ្តប់លើការធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ រួមទាំងការអភិវឌ្ឍន៍ជម្រើសនៃប្រព័ន្ធទូទាត់ដែលគ្រប់គ្រងដោយប្រទេសលោកខាងលិច កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះក្នុងតំបន់ និងការពង្រីកក្រុមប្រទេស BRICS ជាដើម ។ សម្ព័ន្ធភាព BRICS ដែលដំបូងឡើយមានតែប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បានបន្តពង្រីកសក្កានុពលរបស់ខ្លួនដើម្បីឱបក្រសោបយកប្រទេសអ៊ីរ៉ង់ យកអេហ្ស៊ីប អេត្យូពី អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតឲ្យបាន។ សូមបញ្ជាក់ថាកិច្ចប្រជុំកំពូលនេះត្រូវបានចូលរួមដោយមេដឹកនាំ ឬតំណាងនៃប្រទេសចំនួន៣៦ផ្សេងទៀត ដើម្បីបង្ហាញពីចេតនារបស់ពួកគេថាសហរដ្ឋអាមេរិកបរាជ័យហើយ។ តាមការគ្រោងទុកលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ក្រៅពីបើកកិច្ចប្រជុំទ្វេភាគីជាបន្តបន្ទាប់រួចហើយ លោកនឹងជួបជាមួយលោក Guterres នៅពេលក្រោយកិច្ចប្រជុំនេះ ក្រោយពីលោកអគ្គលេខាធិការអ.ស.ប រូបនេះខកខានទៅកាន់រុស្ស៊ីក្នុងរយៈពេលជាងពីរឆ្នាំ ហើយលោកតែងតែរិះគន់រុស្ស៊ីម្តងហើយម្តងទៀតចំពោះការវាយប្រហារទៅលើអ៊ុយក្រែន ដូច្នេះយើងរង់ចាំមើលថាអ្វីទៅជាកិច្ចពិភាក្សារវាងមេដឹកនាំកំពូលទាំងពីរ? តើលោក Putin អាចយល់ព្រមតាមសំណើរ UN ដែរឬទេ? ហើយថាតើ លោក Guterres អាចបញ្ចុះបញ្ចូលលោក Putin លើបញ្ហាអ៊ុយក្រែននេះដោយរបៀបណា! សម្រួលអត្ថបទ៖ សុផារិន្ទ