អគ្គស្នងការដ្ឋាននគរបាលជាតិ និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចុះ MOU លើការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេសដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាពិសេសការប្រឆាំងភេរវកម្មនិងគ្រឿងញៀនជាដើម។

ការចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ នេះនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ។

នៅក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការសហការជួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នេះធ្វើឡើងបន្ទាប់ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យស្ថាប័នទាំងពីរ រួមសហការគ្នាឱ្យកាន់តែចិត្តស្និតបន្ថែមទៀត លើការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខនេះ ដើម្បីលើកកម្ពស់កិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនថ្នាក់ដឹកនាំជាតិនិងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការត្រួតពិនិត្យនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទនិងបញ្ហាគ្រឿងញៀន ដែលនឹងអាចត្រូវដាក់ពង្រាយគោលដៅអាទិភាពនៅតាមបណ្តោយរាជធានីភ្នំពេញ និងខេត្តមួយចំនួន ជាពិសេសតំបន់ទេសចរណ៍ ,តំបន់សេដ្ឋកិច្ចពិសេស ,តំបន់កំពង់អភិវឌ្ឍន៍, ច្រកចេញចូលព្រំដែន និងតំបន់ដែលមានហានិភ័យខ្ពស់ ដោយសារគ្រាប់មីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះជាដើម។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានមានប្រសាសន៍ថា កិច្ចសហការរវាងអង្គភាពCMAC និងកងកម្លាំងនគរបាលជាតិ បានចុះអនុស្សរណៈនៃការយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើការងារកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដំណាក់កាលទី១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ខណ:កិច្ចសហប្រតិបត្តិការនេះបានដំណើរការទៅដោយរលូនប្រកបដោយ ប្រសិទ្ធភាព និងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយកងកម្លាំងនគរបាលជាតិបានចូលរួមសហការយ៉ាងជិតស្និតក្នុងការផ្ដល់ព័ត៌មាន និងសម្របសម្រួលឈានទៅដល់ការរកឃើញ និងកម្ទេចចោលគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាមបានរាប់ម៉ឺនគ្រាប់។ ឯកឧត្តមបន្តថា មណ្ឌលសុនខ CMAC បានពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍជំនាញសុនខលើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមមានដូចជា សុនខប្រឆាំងភេរវកម្ម សុនខប្រឆាំងបាតុកម្ម សុនខសន្តិសុខសាធារណៈ សុនខល្បាតព្រំដែន និងសុនខការងារសង្គមនានា។ ទន្ទឹមនឹងនេះ មណ្ឌលសុនខ ក៏បានធ្វើការស្រាវ ជ្រាវហ្វឹកហ្វឺនសុនខប្រឆាំងជម្ងឺកូវីដ-១៩ និងសុនខប្រឆាំងគ្រឿងញៀន ដោយទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈផងដែរ។ 

ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះអង្គភាពCMACមានសុនខសរុបចំនួនប្រមាណ១៤៤ក្បាល ហើយក្នុងឆ្នាំ២០២៥នេះ មានផែនការបង្កាត់ពូជសុនខចំនួន១០០ក្បាលបន្ថែមទៀត ដែលធ្វើឲ្យអង្គភាពCMACមានសមត្ថភាពផលិតសុនខគាំទ្រដល់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានទ័ពពិសេស នៃកងទ័ពជើងគោកនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ និងក្រុមហ៊ុន Prince Security Services ព្រមទាំងផ្គត់ផ្គង់ដល់ប្រទេសមួយចំនួនដូចជាប្រទេសអាហ្សាបៃហ្សង់ អាហ្វ្រិកកណ្ដាល តួគី កូឡុំប៊ី និងអង្គការអន្ដរជាតិមួយចំនួនផងដែរ។ 

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៤នេះ អង្គភាពCMACបានផ្តល់វគ្គបណ្តុះបណ្តាលដល់មន្រ្តីនគរបាលស្ម័គ្រចិត្តចំនួន១១៥៦នាក់ នៅក្នុងខេត្តចំនួន៨ គឺព្រះវិហារ ខេត្តកំពង់ធំ មណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង និងខេត្តតាកែវ ដើម្បីក្លាយជាគ្រូបង្គោលនៃកម្មវិធីកាត់បន្ថយ គ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមសហគមន៍។ ក្នុងនោះបានធ្វើការកម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម តាមមូលដ្ឋានភូមិ/ឃុំទូទាំងប្រទេសសរុបចំនួន ២៤៧ ៥១៤ គ្រាប់ ក្នុងនោះមីនប្រឆាំងមនុស្សចំនួន ៤៣៣៩គ្រាប់ មីនប្រឆាំងរថក្រោះចំនួន១៤៨គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២៤៣ ០២៧ គ្រាប់ និងគ្រាប់អាវុធធន់ស្រាលចំនួនជាង១៨ ៣២៥ គ.ក្រ ៕