អនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបប្រជុំគ្នា ដើម្បីត្រៀមរៀបចំដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខ្មែរក្រោម

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីរៀបចំដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តខ្មែរក្រោមនៅថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២៤ ខាងមុខនេះ ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់។

កិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមទាំងសមាជិកមកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា។

រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ បានបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមដោយមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។ សូមបញ្ជាក់ថា អង្គកឋិនទានដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ រៀបចំឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

តាមរយៈអង្គកឋិនទាននេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវដល់បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះបានដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស៕