អន្តរក្រសួងនិងអង្គការបើកកិច្ចសន្ទនាអនុសាសន៍គោលនយោបាយ លើកកម្ពស់តួនាទីស្ត្រីជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល
អន្តរក្រសួងនិងអង្កការរួមមាន ក្រសួងកិច្ចការនារី សហការជាមួយក្រសួងសុខាភិបាល វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ និងអង្គការ វាយថយស្ត្រតថឺជី( Vital Strategies) តាមរយៈគម្រោង ប្រែក្លាយទិន្នន័យទៅជាអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងសុខភាព ហៅកាត់ថា(D2P) កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានរៀចំកិច្ចកិច្ចសន្ទនា អនុសាសន៍គោលនយោបាយស្តីពីការលើកកម្ពស់តួនាទីស្ត្រីជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។
កិច្ចសន្ទនានេះធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ក្រសួងកិច្ចការនារី ក្រសួងសុខាភិបាល ក្រសួងផែនការ អង្គការVital Strategies ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ។ កិច្ចសន្ទនាអនុសាសន៍គោលនយោបាយស្តីពី ការលើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមសម្រាប់បញ្ចូលក្នុងអនុសាសន៍គោលនយោបាយសម្រាប់ការរៀបចំផែនការសកម្មភាព និងស្វែង រកការគាំទ្រការអនុវត្តអនុសាសន៍គោលនយោបាយ ។
លោកជំទាវ ច័ន្ទ សូរិយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី មានប្រសាសន៍ថា ក្រសួងកិច្ចការនារី ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល បានដើរតួយ៉ាងសំខាន់ និងសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី ដោយយើងបានដឹកនាំសម្របសម្រួលជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនក្នុងការលើកកម្ពស់ស្ថានភាពរបស់ស្រ្តី និងក្មេងស្រីនៅក្នុងប្រទេសកម្ពុជា ។
ដើម្បីលើកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ព្រមទាំងទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាលើស្រ្តីនិងក្មេងស្រី អំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាពិសេស ការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យសុខភាព ក្រសួងកិច្ចការនារី បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តនារីរតនៈទី ៦ ឆ្នាំ២០២៤-២០២៨ ដើម្បីឆ្លើយតបនឹងស្ថានភាព និងការវិវត្តរបស់សង្គម ដែលក្នុងនោះការលើកកម្ពស់សុខុមាលភាពរបស់ស្រ្តី និងក្មេងស្រី គឺជាយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមយុទ្ធសាស្រ្តអាទិភាពជាច្រើន ដើម្បីបង្កើនការយល់ដឹង និងការប្រតិបត្តិត្រឹមត្រូវ ក្នុងការបង្ការទប់ស្កាត់និងគ្រប់គ្រងជំងឺឆ្លង ជំងឺមិនឆ្លង ជាពិសេស ជំងឺមហារីកសុដន់ និងមហារីស្បូន ព្រមទាំងជំរុញឱ្យស្រ្តី និងយុវវ័យស្វែងរក និងប្រើប្រាស់សេវាថែទាំសុខភាពបានត្រឹមត្រូវ។ ដើម្បីផ្តល់កិច្ចអន្តរាគមន៍សមស្របឆ្លើយតបនឹងយុទ្ធសាស្រ្តខាងលើ យើងត្រូវការជាចាំបាច់នូវទិន្នន័យដែលជាភស្តុតាងសម្រាប់ការរៀបចំគោលនយោបាយនានាទាក់ទងយេនឌ័រនឹងសុខភាព។ ដូចនេះ ការរៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រ និងសុខភាព ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាផ្នែកមួយនៃការអនុវត្តផែនការយុទ្ឋសាស្រ្តនារីរតនៈទី៦ ផងដែរ។
គួរបញ្ជាក់ថា ក្រុមការងារអន្តរក្រសួង បានរៀបចំអនុសាសន៍គោលនយោបាយចំនួន៥ រួមាមាន៖ ១. លើកកម្ពស់សេវាឆ្លើយតបចំពោះស្រ្តី និងកុមាររងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ,២. ជំរុញការលុបបំបាត់ជំងឺមហារីកមាត់ស្បូនដើម្បីសង្គ្រោះជីវិតស្រ្តី ,៣. កាត់បន្ថយអត្រាមរណភាពមាតា ទារកនិងកុមារ ដោយលើកកម្ពស់ស្ថានភាព អាហារូបត្ថម្ភសម្រាប់ស្រ្តីក្នុង វ័យបន្តពូជ ស្រ្តីមានផ្ទៃពោះ និងស្ត្រីក្រោយសម្រាលកូន អាយុ១៥-៤៩ឆ្នាំ, ៤. ការកាត់បន្ថយផលប៉ះពាល់និងអត្រារៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ និង ៥. លើកកម្ពស់តួនាទីស្រ្តីជាថ្នាក់ដឹកនាំនិងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល។
គួរបញ្ជាក់ថា ក្រសួងកិច្ចការនារី សហការជាមួយក្រសួងផែនការ ក្រសួងសុខាភិបាល និងអង្គការ វាយថយស្ត្រតថឺជី Vital Strategies បានអនុវត្តគម្រោងស្តីពីការប្រែក្លាយទិន្នន័យទៅជាអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងសុខភាព ចាប់ពីខែ ធ្នូ ឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ននេះ ក្នុងគោលបំណង ១. លើកកម្ពស់ការវិភាគ និងការប្រើប្រាស់ទិន្នន័យសុខភាពសាធារណៈ ប្រកបដោយប្រសិទ្ធភាពនិងបរិយាបន្ន ២. បង្កើនសមត្ថភាពមន្រ្តីក្រសួងទាំង៣ ក្នុងការវិភាគ និងប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយសង្ខេបទាក់ទងនឹងយេនឌ័រនិងសុខភាព និង៣. ផ្សព្វផ្សាយ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តអនុសាសន៍គោលនយោបាយ ៕