នាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក យ៉ាង ជៀ (Yang Jie) នាយកសាខាក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនប្រចាំកម្ពុជា (CRBC) និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ពិធីនេះប្រារព្ធឡើង ដើម្បីអបអរសាទរ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បាន រយៈពេល ០២ឆ្នាំកន្លងមក ដែលផ្លូវនេះជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានក្លាយជាខ្សែផ្លូវតភ្ជាប់ប៉ូល សេដ្ឋកិច្ច និងគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ដោយភ្ជាប់ពីរាជធានី ភ្នំពេញឆ្លងកាត់ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ និងឆ្ពោះទៅកាន់កំពង់ ផែសមុទ្រអន្តរជាតិរបស់កម្ពុជា ដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ ដល់សកម្មភាពសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន និងពេលអនាគត។ ជាងនេះទៀត ផ្លូវល្បឿនលឿននេះ គឺជាគម្រោងដ៏មានសារៈសំខាន់មួយស្ថិតក្រោមគំនិត ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ក្នុងគោលដៅតភ្ជាប់តំបន់អាស៊ីទៅតំបន់អឺរ៉ុប ដើម្បីពង្រឹងផ្នែកនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងជាផ្នែកមួយជួយបង្កើនទំនាក់ទំនងរវាងប្រជាជននិង ប្រជាជននៅតំបន់អាស៊ី និងអឺរ៉ុប ឱ្យកាន់តែមានភាពជិតស្និទ្ធផងដែរ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមអបអរសាទរចំពោះក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CRBC ក្នុងឱកាសប្រារព្ធពិធីខួប២ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ ដឹកនាំ បុគ្គលិក កម្មករទាំងជាជនជាតិចិន និងខ្មែររបស់ក្រុមហ៊ុន CRBC ព្រមទាំង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសម្រាប់ គ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាននិងកំពុងអនុវត្ត តួនាទីដ៏សំខាន់ក្នុងការបន្តត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសម្បទាន និងសកម្មភាពប្រតិ- បត្តិការរបស់ក្រុមហ៊ុនវិនិយោគទាំងទៅលើការផ្តល់សេវា ការថែទាំ ការគ្រប់គ្រងសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ ការសម្របសម្រួលដោះស្រាយបញ្ហាប្រឈម និងការដាក់ចេញនូវគោល ការណ៍ណែនាំផ្សេងៗ ដើម្បីជំរុញការធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីការចូលរួមចំណែករដ្ឋាភិបាលចិន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងគោលនយោបាយអាទិភាព នានា ដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាផងដែរ ដែលទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលមាន រយៈពេល ៦៦ឆ្នាំ ដោយបានក្លាយទៅជាកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ និងវិវឌ្ឍន៍ទៅជាមិត្តភាពដែកថែប ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបាន កំណត់យកឆ្នាំ២០២៤នេះ ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន” ដើម្បីលើក កម្ពស់វិស័យទេសចរណ៍ ការតភ្ជាប់រវាងប្រទេសទាំងពីរ និងការជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថិរជាអមតៈ រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នារវាងកម្ពុជា-ចិន ផងដែរ។