អភិបាលក្រុង រុនតាឯកតេជោសែន ៖ អំពូលសូឡា បំភ្លឺផ្លូវរួមចំណែក ដល់ការអភិវឌ្ឍ ក្រុងរុនតាឯក

ក្រុងរុនតាឯក តេជោសែន បានទទួលការ ដាក់បង្គោលអគ្គិសនី ដើរដោយ ថាមពលពន្លឺព្រះអាទិត្យ បំភ្លឺផ្លូវ នៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ពីអង្គការស្រាវជ្រាវ និងផ្សព្វផ្សាយ អរិយធម៌អេកូឡូស៊ី របស់ប្រទេសចិន និង អង្គការផ្សព្វផ្សាយ អរិយធម៌អេកូឡូស៊ីស្រុកជាំងនីង ក្រុងណានជីង ។ 

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងជម្រាបអង្គពិធីទាំងមូល បានជ្រាបថា សមាគមបានទទួលជំនួយអំពូលអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវ សាធារណៈពីអង្គការស្រាវជ្រាវនិងផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីរបស់ប្រទេសចិន និង អង្គការផ្សព្វផ្សាយអរិយធម៌អេកូឡូស៊ីស្រុកជាំងនីង ក្រុងណានជីង ដើម្បីដាក់បំភ្លឺផ្លូវ នៅក្នុងក្រុងរុនតាឯក។ 

លោកបណ្ឌិត បានថ្លែងអំណរគុណ ដល់លោក អ៉ឹង សុភ័ណ អភិបាល នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន លោក លូ ឈីជឺ អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប លោក Liu Zhanguo ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ ប្រចាំកម្ពុជា និងលោក Liu Wenzhi ប្រធានការិយាល័យ មូលនិធិចិនPEACELAND ដែលបានគាំទ្រ ដល់បេសកកម្ម របស់សមាគម លើវិស័យអេកូឡូស៊ី ហើយលើកទឹកចិត្ត ដល់សមាគមក្នុងការបំពេញ បាននូវតម្រូវការ ជូនដល់ប្រជាជន ក្នុងក្រុងរុនតាឯក តេជោសែន។ 

លោក អ៉ឹង សុភ័ណ  អភិបាល នៃគណៈអភិបាលក្រុងរុនតាឯកតេជោសែន បានថ្លែងថាអំពូលសូឡាបំភ្លឺផ្លូវទាំងនេះនឹងរួមចំណែក ដល់ការអភិវឌ្ឍក្រុងរុនតាឯក ហើយស្នាក់ការ របស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនដែលគ្រោងនឹងដំណើរការនៅទីនេះ គឺជាវេទិកា ដ៏សំខាន់ក្នុងការ តភ្ជាប់រវាងប្រជាជន និងប្រជាជន។ ស្នាក់ការនេះ ជាបណ្ណាល័យសម្រាប់សិស្ស នៅពេលយប់ ជាទីតាំង ដែលជនពិការបានបំពេញការងារសិប្បកម្ម ដោយដៃត្បាញស្មុក សម្រាប់បម្រើដល់ វិស័យទេសចរណ៍។ 

លោកអភិបាលក្រុង សង្ឃឹមថាថ្នាក់ដឹកនាំ និងបុគ្គលិករបស់អង្គការស្រាវជ្រាវ និងផ្សព្វផ្សាយអរិយធម៌ អេកូឡូស៊ី របស់ប្រទេសចិន និង អង្គការផ្សព្វផ្សាយ អរិយធម៌ អេកូឡូស៊ី ស្រុកជាំងនីង ក្រុងណានជីង អាចមកដល់ ទឹកដីក្រុងរុនតាឯក ឃើញដោយផ្ទាល់ ពីផលដែលទទួលបាន ពីអំពូលសូឡា បំភ្លឺផ្លូវទាំងនេះ។ 

គួរបញ្ជាក់ផងដែរ បន្ថែមពីលើការដាំបង្គោលបអំពូលសូឡា បំភ្លឺ លោក អភិបាលក្រុងរុនតាឯក តេជោសែន និងលោក លូ ឈីជឺ អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានរួមគ្នាដាំដើមឈើមិត្តភាព នៅក្នុងស្នាក់ការ របស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនប្រចាំ ក្រុងរុនតាឯកថែមទៀតផង ៕