អភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន IDC-CDI ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI

ការអញ្ជើញមកដល់របស់គណៈប្រតិភូមកកាន់ខេត្តសៀមរាប ទឹកដីដ៏បវរនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI នៅសណ្ឋាគារ Raffles Grand Hotel Angkor ត្រូវបានឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន IDC-CDI ទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្តៅ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកានេះ។ ក្នុងនោះ មានគណៈប្រតិភូ សរុបប្រមាណ ៨០រូប មកពីបណ្តាប្រទេសចំនួន ២៤ ក្នុងទ្វីបទាំង៥ ពិសេសគណបក្សធំៗប្រមាណ២៦ ដែលមកពីអ៊ឺរ៉ុប អាមេរិកឡាទីន អាហ្រ្វិក អាស៊ី និងអាមេរិកខាងត្បូង។

កិច្ចប្រជុំអន្តរជាតិនេះ មានរយៈពេលចំនួន ៣ថ្ងៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Grand Hotel Angkor។

កិច្ចប្រជុំប្រតិបត្តិនាពេលខាងមុខនេះ នឹងប្រារព្ធនូវវេទិកាពិសេសស្តីពី«សន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដី», កិច្ចពិភាក្សា វេទិកាពិសេសស្តីពី «តួនាទីយុវជនក្នុងសន្តិភាព កិច្ចសន្ទនាសហត្ថិភាព និងការឆ្លើយតបបញ្ហាប្រឈម», កិច្ចពិភាក្សាស្តីពី «ធម្មនុញ្ញសន្តិភាព ដើម្បីមនុស្សជាតិនិងភពផែនដី», ជំនួបការងាររបស់ប្រតិភូ IDC-CDI និងជំនួបទ្វេភាគី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី, កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI, និងកម្មវិធីទស្សនកិច្ចតំបន់បេតិភណ្ឌប្រវត្តសាស្រ្តអង្គរ។

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI ជាអង្គការនយោបាយអន្តរជាតិនិយមកណ្តាលមួយ ដែលមានគណបក្សនយោបាយ ជាង ១០០ ក្នុងពិភពលោក ជាសមាជិក ដោយមានទិសដៅជំរុញនូវកិច្ចពិភាក្សាលើនយោបាយអន្តរជាតិនានា។ គណៈកម្មាធិការប្រតិបត្តិនៃ IDC-CDI មាន២១ប្រទេស ភាគច្រើនជានាយករដ្ឋមន្ត្រីនៅក្នុងតំណែង អតីតនាយករដ្ឋមន្រី្ត ឬអតីតប្រធានាធិបតី ឬប្រធានបក្ស ឬអនុប្រធានបក្សជាដើម៕